១ យ៉ូហាន 2:18-27
១ យ៉ូហាន 2:18-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ម្នាលកូនចៅទាំងឡាយអើយ ពេលនេះជាពេលចុងក្រោយបំផុត ដូចអ្នករាល់គ្នាបានឮស្រាប់ហើយថា មានមេប្រឆាំង*ព្រះគ្រិស្តម្នាក់កំពុងតែមក។ ឥឡូវនេះ មានមេប្រឆាំងព្រះគ្រិស្តជាច្រើននាក់មកដល់មែន ជាហេតុនាំឲ្យយើងដឹងថា គ្រានេះជាគ្រាចុងក្រោយបំផុតហើយ។ អ្នកទាំងនោះបានចេញពីចំណោមពួកយើងទៅ តែពួកគេមិនមែនជាគ្នាយើងទេ បើគេជាគ្នាយើងមែន គេមុខជានៅជាមួយយើងរហូតមិនខាន។ ប៉ុន្តែ គេចាកចេញពីយើងទៅ ដូច្នេះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់ទេ។ រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនមកពីអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺខ្ញុំសរសេរមក ព្រោះអ្នករាល់គ្នាស្គាល់សេចក្ដីពិតរួចហើយ ហើយគ្មានពាក្យកុហកណាកើតមកពីសេចក្ដីពិតទាល់តែសោះ។ តើនរណាជាអ្នកកុហក? គឺគ្មាននរណាក្រៅពីអ្នកដែលបដិសេធមិនទទួលស្គាល់ព្រះយេស៊ូ ថាជាព្រះគ្រិស្ត*នោះឡើយ។ អ្នកណាបដិសេធមិនទទួលស្គាល់ ទាំងព្រះបិតា ទាំងព្រះបុត្រា គឺអ្នកនោះហើយជាមេប្រឆាំង*ព្រះគ្រិស្ត។ អ្នកណាមិនទទួលស្គាល់ព្រះបុត្រា អ្នកនោះក៏គ្មានព្រះបិតាគង់ជាមួយដែរ រីឯអ្នកដែលទទួលស្គាល់ព្រះបុត្រា ទើបមានព្រះបិតាគង់ជាមួយ។ ចំពោះអ្នករាល់គ្នាវិញ ចូរទុកឲ្យសេចក្ដីដែលអ្នករាល់គ្នាធ្លាប់បានឮ តាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងរៀងមក ស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏ស្ថិតនៅជាប់នឹងព្រះបុត្រា និងព្រះបិតាដែរ។ រីឯព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយយើងនោះ គឺព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចមកយើង។ ខ្ញុំសរសេរមកអ្នករាល់គ្នាស្ដីអំពីពួកអ្នក ដែលបានមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។ ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ត*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
១ យ៉ូហាន 2:18-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។ ប៉ុន្ដែ អ្នករាល់គ្នាបានទទួលប្រេងតាំង ពីព្រះដ៏បរិសុទ្ធ ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ ខ្ញុំសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតនោះទេ គឺដោយព្រោះអ្នកបានស្គាល់សេចក្ដីពិតហើយ ហើយក៏ដឹងថា គ្មានពាក្យភូតភរណាកើតមកពីសេចក្ដីពិតឡើយ។ តើអ្នកណាជាអ្នកកុហក? គឺមានតែអ្នកដែលបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកណាដែលបដិសេធមិនព្រមទទួលស្គាល់ព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ។ អ្នកដែលបដិសេធមិនទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះគ្មានព្រះវរបិតាទេ ឯអ្នកណាដែលទទួលស្គាល់ព្រះរាជបុត្រា អ្នកនោះក៏មានព្រះវរបិតាដែរ។ ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើសេចក្ដីដែលអ្នករាល់គ្នាបានឮតាំងពីដើមមក ស្ថិតនៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នាក៏នឹងនៅជាប់ក្នុងព្រះរាជបុត្រា និងក្នុងព្រះវរបិតាដែរ។ នេះហើយជាសេចក្ដីដែលព្រះអង្គបានសន្យាជាមួយយើង គឺជីវិតអស់កល្បជានិច្ច។ ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ស្ដីអំពីអស់អ្នកដែលបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេង។ រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
១ យ៉ូហាន 2:18-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្មេងរាល់គ្នាអើយ នេះជាពេលម៉ោងក្រោយបង្អស់ហើយ សព្វថ្ងៃនេះកើតមានពួកទទឹងនឹងព្រះគ្រីស្ទជាច្រើន ដូចជាអ្នករាល់គ្នាបានឮហើយថា អាទទឹងនឹងព្រះគ្រីស្ទត្រូវមក ហេតុនោះបានជាយើងដឹងថា នេះជាពេលម៉ោងក្រោយបង្អស់ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង ខ្ញុំសរសេរផ្ញើមក មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះបានស្គាល់ហើយ ក៏ដឹងថា គ្មានសេចក្ដីភូតភរណាកើតពីសេចក្ដីពិតនោះឡើយ តើអ្នកណាជាអ្នកកុហក បើមិនមែនជាអ្នកដែលប្រកែកថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទនោះទេ អ្នកណាដែលមិនព្រមទទួលស្គាល់ទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង អ្នកនោះហើយជាអ្នកដែលទទឹងនឹងព្រះគ្រីស្ទ ឯអស់អ្នកណាដែលមិនព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏គ្មានព្រះវរបិតាដែរ តែអ្នកណាដែលព្រមទទួលស្គាល់ព្រះរាជបុត្រា នោះក៏មានទាំងព្រះវរបិតាផង ដូច្នេះ ចូរឲ្យសេចក្ដីដែលអ្នករាល់គ្នាបានឮពីដើមមក បាននៅជាប់ក្នុងខ្លួនចុះ បើសិនជាសេចក្ដីដែលឮតាំងពីដើមមក បាននៅជាប់ក្នុងអ្នករាល់គ្នាមែន នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងព្រះរាជបុត្រា ហើយក្នុងព្រះវរបិតាដែរ នេះហើយ ជាសេចក្ដីដែលទ្រង់បានសន្យានឹងយើងរាល់គ្នា គឺជាជីវិតដ៏រស់នៅអស់កល្បជានិច្ច។ ខ្ញុំបានសរសេរផ្ញើមកអ្នករាល់គ្នា ពីដំណើរនៃពួកអ្នកដែលនាំអ្នករាល់គ្នាឲ្យវង្វេង រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្ដីកំភូតទេ គឺជាសេចក្ដីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក