១ កូរិនថូស 7:1-20
១ កូរិនថូស 7:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯសេចក្តីដែលអ្នករាល់គ្នាបានសរសេរថា «ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រី នោះជាការប្រសើរ»។ ប៉ុន្ដែ ដោយព្រោះមានអំពើសហាយស្មន់កើតឡើង បុរសម្នាក់ៗត្រូវមានប្រពន្ធជារបស់ខ្លួន ហើយស្រី្តម្នាក់ៗ ក៏ត្រូវមានប្តីជារបស់ខ្លួនដែរ។ ប្តីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន ហើយប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្តីរបស់ខ្លួនដែរ។ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្តី ឯប្តីក៏ដូច្នោះដែរ មិនមែនជាម្ចាស់លើរូបកាយរបស់ខ្លួនទេ គឺជារបស់ប្រពន្ធ។ មិនត្រូវបង្អត់គ្នាឡើយ លើកលែងតែមានការយល់ព្រមគ្នាទុកពេលមួយឲ្យទំនេរសម្រាប់អធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងអ្នករាល់គ្នា ដោយព្រោះមិនចេះអត់ទ្រាំ។ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ។ ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចជាខ្ញុំ ក៏ប៉ុន្តែ ម្នាក់ៗមានអំណោយទានមួយមកពីព្រះរៀងៗខ្លួន ម្នាក់មានយ៉ាងនេះ ម្នាក់ទៀតមានយ៉ាងនោះ។ ខ្ញុំសូមនិយាយចំពោះអ្នកនៅលីវ និងស្រ្ដីមេម៉ាយថា បើគេនៅដូចជាខ្ញុំបាន នោះជាការប្រសើរ។ ប៉ុន្តែ បើគេអត់ទ្រាំមិនបាន ចូររៀបការចុះ ដ្បិតដែលរៀបការ នោះប្រសើរជាងទុកឲ្យមានតណ្ហាពុះកញ្ជ្រោល។ ប៉ុន្តែ ចំពោះអ្នករៀបការហើយ ខ្ញុំសូមទូន្មានតាមបង្គាប់ព្រះអម្ចាស់ មិនមែនខ្ញុំទេ គឺថា ប្រពន្ធមិនត្រូវបែកពីប្តីឡើយ (តែបើនាងជ្រុលជាបែកពីប្តីហើយ នោះចូរនៅជាឥតប្តីទៅ ពុំនោះទេសូមទៅជានានឹងប្តីខ្លួនវិញ) ឯប្តី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀត (នេះមិនមែនមកពីព្រះអម្ចាស់ទេ គឺជាពាក្យខ្ញុំ) ខ្ញុំសូមជម្រាបថា បើបងប្អូនណាមានប្រពន្ធជាអ្នកមិនជឿ ហើយនាងព្រមរស់នៅជាមួយ នោះមិនត្រូវលែងនាងឡើយ ហើយបើស្ត្រីណាមានប្តីជាអ្នកមិនជឿវិញ តែគាត់ព្រមរស់នៅជាមួយ នោះក៏មិនត្រូវលែងគាត់ដែរ។ ដ្បិតប្តីដែលមិនជឿនោះបានរាប់ជាបរិសុទ្ធតាមរយៈប្រពន្ធ ហើយប្រពន្ធដែលមិនជឿ ក៏បានរាប់ជាបរិសុទ្ធតាមរយៈប្តីដែរ ពុំនោះទេ កូនរបស់អ្នករាល់គ្នាមិនស្អាតឡើយ ប៉ុន្តែ ឥឡូវនេះ ពួកគេស្អាតហើយ។ ប៉ុន្តែ បើដៃគូដែលមិនជឿចុះចេញ ឲ្យគេទៅចុះ រឿងបែបនេះ បងប្អូនប្រុស ឬស្រីនោះមិនជាប់ចំណងទៀតទេ ដ្បិតព្រះបានត្រាស់ហៅអ្នករាល់គ្នាមករស់ក្នុងសេចក្តីសុខសាន្ត។ បងប្អូនជាប្រពន្ធរាល់គ្នាអើយ តើនាងដឹងដូចម្ដេចបានថា នាងអាចនឹងសង្គ្រោះប្ដីរបស់នាង? បងប្អូនជាប្តីរាល់គ្នាអើយ តើអ្នកដឹងដូចម្ដេចបានថា អ្នកអាចនឹងសង្គ្រោះប្រពន្ធរបស់អ្នក? តែទោះជាយ៉ាងណាក៏ដោយ ម្នាក់ៗត្រូវរស់នៅតាមចំណែកដែលព្រះអម្ចាស់បានចែកឲ្យ តាមការដែលព្រះបានត្រាស់ហៅអ្នករាល់គ្នាចុះ។ ខ្ញុំបង្គាប់ដូច្នេះនៅគ្រប់ក្រុមជំនុំទាំងអស់។ បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។ ព្រោះការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺប្រតិបត្តិតាមបទបញ្ជារបស់ព្រះវិញ។ បើម្នាក់ៗមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះត្រាស់ហៅ នោះត្រូវរស់នៅតាមសណ្ឋាននោះចុះ។
១ កូរិនថូស 7:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនបានសរសេរសំបុត្រទៅខ្ញុំថា ប្រសិនបើបុរសមិនប៉ះពាល់ស្ត្រីទេនោះជាការប្រសើរ។ ប៉ុន្តែ ដើម្បីចៀសវាងកុំឲ្យមានការប្រាសចាកសីលធម៌ បុរសម្នាក់ៗត្រូវមានប្រពន្ធ ហើយស្ត្រីម្នាក់ៗក៏ត្រូវមានប្ដីដែរ។ ប្ដីត្រូវបំពេញករណីយកិច្ចជាប្ដីចំពោះប្រពន្ធរបស់ខ្លួន រីឯប្រពន្ធក៏ត្រូវធ្វើដូច្នោះចំពោះប្ដីវិញដែរ។ ប្រពន្ធគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះរូបកាយនោះជារបស់ប្ដី រីឯប្ដីវិញក៏ដូច្នោះដែរ គេគ្មានសិទ្ធិអ្វីនឹងប្រើរូបកាយរបស់ខ្លួនតាមអំពើចិត្តទេ ព្រោះជារបស់ប្រពន្ធ។ មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋាន*ប៉ុណ្ណោះ។ បន្ទាប់មក ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោមារ*សាតាំងល្បួងចិត្តបងប្អូន មកពីទ្រាំមិនបាន។ ខ្ញុំនិយាយដូច្នេះ ដើម្បីបើកសិទ្ធិឲ្យបងប្អូន មិនមែនចង់បង្គាប់បងប្អូនទេ។ ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួនពីព្រះជាម្ចាស់ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។ ខ្ញុំសូមប្រាប់អស់អ្នកដែលនៅលីវ និងស្ត្រីមេម៉ាយថា គួរតែនៅលីវដូចខ្ញុំទៅល្អជាង។ ប៉ុន្តែ បើទ្រាំមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការប្រសើរជាងទុកឲ្យចិត្តនៅពុះកញ្ជ្រោល។ ខ្ញុំសូមបង្គាប់អស់អ្នកដែលមានគូស្រករហើយថា ភរិយាមិនត្រូវចាកចោលស្វាមីរបស់ខ្លួនឡើយ (មិនមែនខ្ញុំទេជាអ្នកបង្គាប់ គឺព្រះអម្ចាស់ទេតើដែលបង្គាប់)។ ប្រសិនបើនាងបានជាចាកចោលប្ដីហើយ មិនត្រូវយកប្ដីទៀតទេ ឬមួយត្រូវតែទៅជានានឹងប្ដីនាងវិញ។ រីឯប្ដី ក៏មិនត្រូវលែងប្រពន្ធរបស់ខ្លួនដែរ។ ចំពោះអ្នកឯទៀតៗ (សេចក្ដីនេះមិនមែនមកពីព្រះអម្ចាស់ទេ គឺមកពីខ្ញុំផ្ទាល់) ខ្ញុំសូមជម្រាបថា ប្រសិនបើបងប្អូនណាមានភរិយាជាអ្នកមិនជឿ ហើយបើនាងយល់ព្រមរស់នៅជាមួយ កុំលែងនាងឡើយ។ រីឯស្ត្រីមានប្ដីជាអ្នកមិនជឿវិញ បើប្ដីយល់ព្រមរស់នៅជាមួយនាង នោះក៏មិនត្រូវលែងគេដែរ ដ្បិតព្រះជាម្ចាស់ប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គតាមរយៈភរិយា ហើយព្រះអង្គក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធ*ទេ!។ ប៉ុន្តែ តាមពិត ព្រះជាម្ចាស់បានប្រោសក្មេងទាំងនោះឲ្យចូលរួមក្នុងប្រជាជនរបស់ព្រះអង្គរួចស្រេចទៅហើយ។ បើគូស្រករដែលមិនជឿ ចាកចោលបងប្អូនដែលជាអ្នកជឿ ឲ្យគេទៅចុះ បងប្អូនប្រុស ឬស្រីនោះគ្មានកំហុសអ្វីក្នុងរឿងនេះទេ។ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមករស់ក្នុងសេចក្ដីសុខសាន្ត។ បងប្អូនជាស្ត្រីដែលមានប្ដីហើយ តើនាងអាចដឹងដូចម្ដេចបានថា នាងនឹងសង្គ្រោះប្ដីរបស់នាង? រីឯបងប្អូនដែលមានភរិយា តើអ្នកអាចដឹងដូចម្ដេចបានថា អ្នកនឹងសង្គ្រោះភរិយារបស់អ្នក?។ ក្រៅពីនេះ ម្នាក់ៗត្រូវតែរស់នៅឲ្យបានស្របតាមព្រះអំណោយទានដែលព្រះអម្ចាស់ប្រទានឲ្យ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។ ខ្ញុំតែងបង្គាប់ឲ្យក្រុមជំនុំ*ទាំងអស់ធ្វើតាមសេចក្ដីនេះ។ នៅពេលព្រះជាម្ចាស់ត្រាស់ហៅ បើអ្នកណាម្នាក់កាត់ស្បែក*រួចហើយ មិនត្រូវលុបបំបាត់ការកាត់ស្បែកនោះឡើយ បើមិនកាត់ស្បែកនៅពេលព្រះអង្គត្រាស់ហៅ ក៏មិនបាច់កាត់ស្បែកដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ គ្មានសារៈសំខាន់អ្វីសោះ មានតែការប្រតិបត្តិតាមបទបញ្ជា*របស់ព្រះជាម្ចាស់វិញទេដែលសំខាន់។ នៅពេលព្រះអង្គត្រាស់ហៅ បើម្នាក់ៗមានភាពយ៉ាងណា ត្រូវតែរស់ឲ្យស្របតាមភាពនោះតទៅមុខទៀតទៅ។
១ កូរិនថូស 7:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯសេចក្ដីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្ដីជារបស់ផងខ្លួនដែរ ត្រូវឲ្យប្ដីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្ដីក៏ដូច្នោះដែរ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្ដីវិញ ហើយប្ដីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ ប៉ុន្តែ ខ្ញុំនិយាយសេចក្ដីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំកំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ ឯខាងអ្នកដែលមានប្ដីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្ដីឡើយ ឬបើបានលែងប្ដីហើយ នោះចូរនៅជាឥតប្ដីទៅចុះ ឬឲ្យជានឹងប្ដីខ្លួនវិញទៅ ហើយឯប្ដី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។ ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ហើយស្ត្រីណាមានប្ដីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ដ្បិតប្ដីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ តែបើអ្នកដែលមិនជឿ គេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នាឲ្យមានសេចក្ដីមេត្រីនឹងគ្នាវិញ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្ដីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង តែត្រូវឲ្យគ្រប់គ្នាដើរតាមដែលព្រះអម្ចាស់បានចែកឲ្យ ហើយតាមដែលព្រះបានហៅមករៀងខ្លួន ខ្ញុំក៏តាំងរបៀបយ៉ាងដូច្នេះ ក្នុងគ្រប់ទាំងពួកជំនុំដែរ បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ បើមនុស្សមានសណ្ឋានជាយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅ នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះចុះ