១ កូរិនថូស 3:8-15

១ កូរិនថូស 3:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ដែល​ដាំ និង​អ្នក​ដែល​ស្រោច​ទឹក មាន​គោល​ដៅ​តែ​មួយ​ដូច​គ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ។ ដ្បិត​យើង​ជា​អ្នក​រួមការ​ងារ​ជាមួយ​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​របស់​ព្រះ ហើយ​ជា​អាគារ​ដែល​ព្រះ​បាន​សង់។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ​គ្រឹះ​នោះ។ ដ្បិត​គ្មាន​អ្នក​ណា​អាច​ចាក់​គ្រឹះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ឡើយ ហើយ​គ្រឹះ​នោះ​គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ប្រសិន‌បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក មក​សង់​លើ​គ្រឹះ​នេះ នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​កិច្ច‌ការ​ដែល​បាន​សង់​នៅ​លើ​គ្រឹះ​នោះ​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់។ បើ​កិច្ច‌ការ​នោះ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច​ជីវិត ប៉ុន្តែ នឹង​រួច​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ដាំ និង​អ្នក​ស្រោច​ទឹក​មិន​ខុស​គ្នា​ទេ ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ទម្ងន់​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បងប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះអង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ​ព្រះ‌យេស៊ូ​គ្រិស្ត*។ ប្រសិន​បើ​អ្នក​ណា​យក​មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស លទ្ធ‌ផល​នៃ​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ នឹង​លេច​ចេញ​មក ព្រោះ​ថ្ងៃ​នោះ​នឹង​មក​ដល់​ដូច​ភ្លើង ហើយ​ភ្លើង​នឹង​ល្បង‌ល​មើល​ស្នា​ដៃ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​ស្នាដៃ​នរណា​ម្នាក់​ដែល​បាន​សង់​លើ​គ្រឹះ​នៅ​ស្ថិត‌ស្ថេរ អ្នក​នោះ​នឹង​ទទួល​រង្វាន់។ បើ​ស្នាដៃ​នរណា​ម្នាក់​ត្រូវ​ឆេះ អ្នក​នោះ​ក៏​នឹង​បាត់​រង្វាន់​ដែរ ប៉ុន្តែ គេ​នឹង​រួច​ជីវិត​ដូច​ជា​ឆ្លង​កាត់​ភ្លើង។

ចែក​រំលែក
អាន ១ កូរិនថូស 3

១ កូរិនថូស 3:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​អ្នក​ដែល​សាប‌ព្រោះ នឹង​អ្នក​ដែល​ស្រោច នោះ​ដូច​គ្នា​ទេ ហើយ​ក្នុង​អ្នក​និមួយៗ នោះ​នឹង​បាន​រង្វាន់​តាម​ការ​ដែល​ខ្លួន​ធ្វើ ដ្បិត​យើង​រាល់​គ្នា​ជា​អ្នក​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ឯ​អ្នក​រាល់​គ្នា​ជា​ស្រែ​ដែល​ព្រះ‌ទ្រង់​ភ្ជួរ ហើយ​ជា​ផ្ទះ​ដែល​ព្រះ‌ទ្រង់​ធ្វើ។ ខ្ញុំ​បាន​ដាំ​ជើង​ជញ្ជាំង ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ចំណាន តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ មាន​ម្នាក់​ទៀត​ជា​អ្នក​សង់​ពី​លើ ប៉ុន្តែ​ត្រូវ​ឲ្យ​មនុស្ស​ប្រយ័ត​រៀង​ខ្លួន អំពី​បែប​ណា​ដែល​សង់​ពី​លើ​ជើង​នោះ ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ដាំ​ជើង​ជញ្ជាំង​ណា​ផ្សេង​ទៀត ក្រៅ​ពី​ជើង​ដែល​បាន​ដាំ​រួច​ហើយ​នោះ​បាន​ទេ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក ដើម្បី​នឹង​ធ្វើ​ពី​លើ​ជើង​ជញ្ជាំង​នេះ នោះ​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ​យ៉ាង​ច្បាស់‌លាស់ ព្រោះ​ការ​នោះ​នឹង​សំដែង​ចេញ​មក​ដោយ‌សារ​ភ្លើង ហើយ​ភ្លើង​នឹង​សាក​មើល​ការ​ដែល​និមួយៗ​ធ្វើ ឲ្យ​ដឹង​ជា​យ៉ាង​ណា បើ​ការ​ដែល​អ្នក​ណា​សង់​ឡើង​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់ បើ​ការ​ដែល​អ្នក​ណា​ធ្វើ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត​វិញ តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច បែប​ដូច​ជា​ដើរ​កាត់​ភ្លើង។

ចែក​រំលែក
អាន ១ កូរិនថូស 3