១ កូរិនថូស 3:5-9
១ កូរិនថូស 3:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។ ខ្ញុំបានដាំ លោកអ័ប៉ុឡូសជាអ្នកស្រោចទឹក តែព្រះបានធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកដែលស្រោចទឹក មិនមែនជាអ្វីទេ គឺមានតែព្រះដែលធ្វើឲ្យដុះប៉ុណ្ណោះទើបសំខាន់។ អ្នកដែលដាំ និងអ្នកដែលស្រោចទឹក មានគោលដៅតែមួយដូចគ្នា ហើយម្នាក់ៗនឹងទទួលរង្វាន់តាមការដែលខ្លួនបានធ្វើ។ ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។
១ កូរិនថូស 3:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។ ខ្ញុំជាអ្នកដាំ ហើយលោកអប៉ូឡូសជាអ្នកស្រោចទឹក ប៉ុន្តែ ព្រះជាម្ចាស់ទេតើដែលធ្វើឲ្យដុះ។ ដូច្នេះ អ្នកដាំ និងអ្នកស្រោចទឹកមិនសំខាន់អ្វីឡើយ គឺព្រះជាម្ចាស់ដែលធ្វើឲ្យដុះឯណោះទើបសំខាន់។ អ្នកដាំ និងអ្នកស្រោចទឹកមិនខុសគ្នាទេ ម្នាក់ៗនឹងទទួលរង្វាន់តាមទម្ងន់កិច្ចការដែលខ្លួនបានធ្វើ ដ្បិតយើងខ្ញុំជាអ្នកធ្វើការរួមជាមួយព្រះជាម្ចាស់ បងប្អូនជាស្រែរបស់ព្រះជាម្ចាស់ ហើយក៏ជាដំណាក់ដែលព្រះអង្គបានសង់ដែរ។
១ កូរិនថូស 3:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើង នោះគឺព្រះបានធ្វើវិញ ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។