១ កូរិនថូស 15:20-26

១ កូរិនថូស 15:20-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។ ដ្បិត​ដែល​សេចក្តី​ស្លាប់​បាន​មក​ដោយ​សារ​មនុស្ស​ម្នាក់ នោះ​សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ​សារ​មនុស្ស​ម្នាក់​ដែរ ដ្បិត​មនុស្ស​ទាំង‌អស់​ស្លាប់​ក្នុង​លោក​អ័ដាម​យ៉ាង​ណា នោះ​មនុស្ស​ទាំង‌អស់​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​ម្នាក់ៗ​តាម​លំ​ដា​ប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង បន្ទាប់​មក អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ពេល​នោះ ចូល​ដល់​ចុង​បំផុត​ហើយ ជា​ពេល​ដែល​ព្រះ‌អង្គ​ប្រគល់​ព្រះរាជ្យ​ថ្វាយ​ព្រះ ជា​ព្រះ‌វរបិតា ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​ទាំង​រាជ្យ អំណាច និង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ហើយ។ ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។ ខ្មាំង​សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្តី​ស្លាប់

១ កូរិនថូស 15:20-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ ព្រះ‌គ្រិស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ។ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់ ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះ‌គ្រិស្ត​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។ បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រិស្ត​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ ។ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។

១ កូរិនថូស 15:20-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់