១ កូរិនថូស 15:1-58

១ កូរិនថូស 15:1-58 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹង​ល្អ​នោះ​ដែរ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយ​សារ​ដំណឹង​ល្អ​នោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។ ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​ត្រូវ​គេ​ប​ញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។ បន្ទាប់​មក ព្រះ‌អង្គ​បាន​លេច​ឲ្យ​បង‌ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ ក្នុង​ចំណោម​បង‌ប្អូន​អ្នក​ទាំង​នោះ ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​ខ្លះ​បាន​ស្លាប់​ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​ពួក​សាវក​ទាំង‌អស់​គ្នា​ឃើញ។ ចុង​ក្រោយ​បង្អស់ ព្រះ‌អង្គ​ក៏​លេច​ឲ្យ​ខ្ញុំ​ឃើញ សូម្បី​តែ​ខ្ញុំ​នេះ​ដូច​ជា​កូន​ដែល​កើត​មិន​គ្រប់​ខែ។ ដ្បិត​ក្នុង​ចំណោម​ពួក​សាវក ខ្ញុំ​ជា​អ្នក​តូ​ច​ជាង​គេ មិន​សម​នឹង​ហៅ​ជា​សាវក​ផង ព្រោះ​ខ្ញុំ​បាន​បៀត​បៀន​ក្រុម​ជំនុំ​របស់​ព្រះ។ ប៉ុន្តែ ដែល​ខ្ញុំ​ជា​យ៉ាង​ណា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារព្រះ‌គុណ​របស់​ព្រះ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​ចំពោះ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​ទៅ​ទៀត ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ គឺ​ព្រះ‌គុណ​របស់​ព្រះ ដែល​ស្ថិត​នៅ​ជាមួយ​ខ្ញុំ​វិញ។ ដូច្នេះ ទោះ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី យើង​ប្រកាស ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ជឿ។ ប្រសិន‌បើ​យើង​ប្រកាស​ថា ព្រះ‌គ្រីស្ទ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ម្តេ​ច​បាន​ជា​អ្នក​រាល់​គ្នា​ខ្លះ​និយាយ​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​ទេ នោះ​ដំណឹង​ដែល​យើង​ប្រកាស ឥ​ត​ប្រយោជន៍​សោះ ហើយ​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​ប្រយោជន៍​ដែរ។ យ៉ាង​នោះ ឈ្មោះ​ថា​យើង​ជា​ស្មរ‌បន្ទាល់​ក្លែង​ក្លាយ​ពី​ព្រះ ព្រោះ​យើង​បាន​ធ្វើ​ប​ន្ទា​ល់​ពី​ព្រះ​ថា ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ តែ​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌អង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នក​រាល់​គ្នា ឥ​ត​ប្រយោជន៍​សោះ អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​អំពើ​បាប​ដដែល ឯ​អស់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រះ‌គ្រីស្ទ ក៏​បាន​វិនាស​ដែរ។ ប្រសិន‌បើ​យើង​សង្ឃឹម​លើ​ព្រះ‌គ្រីស្ទ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​ក្នុង​ចំណោម​មនុស្ស​ទាំង‌អស់ យើង​វេទនា​ជាង​គេ​បំផុត។ ប៉ុន្តែ ព្រះ‌គ្រីស្ទ​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មែន ជា​ផល​ដំបូង​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ស្លាប់។ ដ្បិត​ដែល​សេចក្តី​ស្លាប់​បាន​មក​ដោយ​សារ​មនុស្ស​ម្នាក់ នោះ​សេចក្តី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ​សារ​មនុស្ស​ម្នាក់​ដែរ ដ្បិត​មនុស្ស​ទាំង‌អស់​ស្លាប់​ក្នុង​លោក​អ័ដាម​យ៉ាង​ណា នោះ​មនុស្ស​ទាំង‌អស់​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​ម្នាក់ៗ​តាម​លំ​ដា​ប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង បន្ទាប់​មក អស់​អ្នក​ដែល​ជា​របស់​ព្រះ‌គ្រីស្ទ​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ពេល​នោះ ចូល​ដល់​ចុង​បំផុត​ហើយ ជា​ពេល​ដែល​ព្រះ‌អង្គ​ប្រគល់​ព្រះរាជ្យ​ថ្វាយ​ព្រះ ជា​ព្រះ‌វរបិតា ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​ទាំង​រាជ្យ អំណាច និង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ហើយ។ ដ្បិត​ព្រះគ្រីស្ទ​ត្រូវ​សោយ​រាជ្យ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​ទាំង‌អស់​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ ។ ខ្មាំង​សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​សេចក្តី​ស្លាប់ ដ្បិត «ព្រះ​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទ​របស់​ព្រះ‌អង្គ» ។ ប៉ុន្ដែ ដែលចែង​ថា «ដាក់​អ្វីៗ​ទាំង‌អស់ឲ្យ​នៅ​ក្រោម» នោះ​ច្បាស់​ហើយ​ថា មិន​មែន​រួម​បញ្ចូល​ទាំង​ព្រះ‌អង្គ​ដែល​ដាក់​អ្វីៗ​ទាំង‌អស់ ឲ្យ​នៅ​ក្រោម​ព្រះគ្រីស្ទ​នោះ​ឡើយ។ កាល​អ្វីៗ​ទាំង‌អស់​ស្ថិត​នៅ​ក្រោម​ព្រះ‌អង្គ​ហើយ នោះ​ព្រះ‌រា​ជ្យ‌បុ​ត្រា​ផ្ទាល់ ក៏​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ព្រះ ដែល​បាន​ដាក់​អ្វីៗ​ទាំង‌អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌អង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗ​ទាំង‌អស់ ក្នុង​គ្រប់​ការ​ទាំង‌អស់។ បើ​មិន​ដូច្នោះ​ទេ អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់ នឹង​ធ្វើ​ដូច‌ម្តេច? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​មនុស្ស​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រថុយ​ខ្លួន​នឹង​គ្រោះ​ថ្នាក់​រាល់​វេលា​ដូច្នេះ? បង‌ប្អូន​អើយ ខ្ញុំ​ស្បថ​ដោយ​អំនួត​ដែល​ខ្ញុំ​អួតពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ខ្ញុំ​ស្លាប់​រាល់​ថ្ងៃ។ ប្រសិន‌បើ​ខ្ញុំ​បាន​ត​យុ​ទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេ‌សូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ? ប្រសិន‌បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ «ចូរ​យើង​ស៊ី​ផឹក​ទៅ ដ្បិត​ថ្ងៃ​ស្អែ​ក​យើង​ស្លាប់ » សូមកុំ​ភាន់​ច្រឡំ «ពួក​ម៉ា​ក​អាក្រ​ក់​តែង​បង្ខូច​កិរិយា​ល្អ»។ ចូរ​ភ្ញាក់​ដឹង​ខ្លួន រស់​នៅ​ដោយ​សុចរិត ហើយ​ឈប់​ធ្វើ​បាប ដ្បិត​អ្នក​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខ្មាស។ ប៉ុន្តែ នឹង​មាន​ម្នាក់​សួរ​ថា៖ «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​យ៉ាង​ដូច‌ម្តេច? តើ​គេ​រស់​ឡើង​វិញ​មាន​រូប‌កាយ​បែប​ណា?» មនុស្ស​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ បើ​វា​មិន​ស្លាប់​ទេ នោះ​វា​ក៏​មិន​រស់​ឡើង​វិញ​ដែរ។ គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ត្រូវ​ដុះ​ឡើង​នោះ​ទេ គឺ​ជា​គ្រាប់​សុទ្ធ‌សាធ ដូច​ជា​គ្រាប់​ស្រូ​វ ឬ​គ្រាប់​អ្វី​ផ្សេង​ទៀត​ដែរ។ ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ពូជ​នោះ​មាន​រូប​រាង តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ពូជ​នីមួយៗ មាន​រូប​រាង​តាម​ប្រភេទ​របស់​វា។ គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​សាច់​ម្យ៉ាង​សម្រាប់​មនុស្ស សាច់​ម្យ៉ាង​សម្រាប់​សត្វ​ចតុបាទ សាច់​ម្យ៉ាង​សម្រាប់​សត្វ​ស្លាប និង​សាច់​ម្យ៉ាង​សម្រាប់​ត្រី។ មាន​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប‌កាយ​នៅ​ផែនដី តែ​សិរី‌ល្អរបស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ ផ្សេង​ពី​រូប‌កាយ​នៅ​ផែនដី។ ព្រះ‌អា​ទិ​ត្យ​មាន​សិរីល្អ​ម៉្យាង ព្រះ‌ចន្ទ​មាន​សិរីល្អ​ម៉្យាង ផ្កា​យក៏​មាន​សិរីល្អ​ម៉្យាង ហើយ​សូម្បី​តែ​ផ្កា​យក៏​មាន​សិរីល្អ​ផ្សេង​គ្នា​ដែរ។ ចំណែក​ឯ​មនុស្ស​ស្លាប់​ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ពុក​រលួយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក​រលួយ។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​អាប់​ឱន តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរីល្អ។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប​កាយ​ទន់​ខ្សោយ តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ចេស្តា។ រូប​កាយ​ដែល​បាន​កប់​ទៅ ជា​រូប‌កាយ​ខាង​សាច់​ឈាម តែ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប‌កាយ​ខាង​វិញ្ញាណ ហើយ​បើ​មាន​រូប‌កាយ​ខាង​សាច់​ឈាម នោះ​រូប‌កាយ​ខាង​វិញ្ញាណ​ក៏​មាន​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «លោក​អ័ដាម​ដែល​ជា​មនុស្ស​មុន​ដំបូង បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់​ឡើង» តែ​លោក​អ័ដាម​ចុង​ក្រោយ​បង្អស់ ត្រឡប់​ជា​វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ប៉ុន្តែ មិន​មែន​រូប​កាយ​ខាង​វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ខាង​សាច់​ឈាម​វិញ បន្ទាប់​មក ទើប​រូប​កាយ​ខាង​វិញ្ញាណ​មក​តាម​ក្រោយ។ មនុស្ស​ទីមួយកើត​ចេញ​ពី​ដី​មក គឺ​ធ្វើ​ពី​ធូលី​ដី រីឯ​មនុស្ស​ទីពីរ​វិញ មក​ពី​ស្ថាន‌សួគ៌។ មនុស្ស​ម្នាក់​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី​ក៏​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ម្នាក់​ដែល​មក​ពី​ស្ថាន‌សួគ៌​ជា​យ៉ាង​ណា អស់​អ្នក​ដែល​កើត​ពី​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ។ យើង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​ធ្វើ​ពី​ធូលី​មក​យ៉ាង​ណា នោះ​យើង​ក៏​នឹង​មាន​រូប​រាង​ដូច​មនុស្ស​ដែល​មក​ពី​ស្ថាន‌សួគ៌​យ៉ាង​នោះ​ដែរ។ បង‌ប្អូន​អើយ សេចក្តី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​មិន​អាច​គ្រង​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ ហើយ​សេចក្តី​ពុក​រលួយ ក៏​មិន​អាច​គ្រង​សេចក្តី​ដែល​មិន​ចេះ​ពុក​រលួយ​បាន​ដែរ។ មើល៍ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​អាថ៌‌កំបាំង គឺ​ថា យើង​ទាំង‌អស់​គ្នា​នឹង​មិន​ដេក​លក់​ទេ តែ​យើង​ទាំង‌អស់​គ្នា​នឹង​ត្រូវ​ផ្លាស់​ប្រែ ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ។ ដ្បិត​សំឡេង​ត្រែ​នឹង​បន្លឺ​ឡើង ហើយ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក​រលួយ​ទៀត​ឡើយ រួច​យើង​នឹង​ត្រូវ​ផ្លាស់​ប្រែ។ ដ្បិត​រូប‌កាយ​ដែល​ពុក​រលួយ​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ត្រូវ​តែ​ពាក់​សេចក្តី​មិន​ចេះ​ស្លាប់​វិញ។ នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ» «ឱ​សេចក្តី​ស្លាប់​អើយ តើ​ជ័យ‌ជម្នះ​របស់​ឯង​នៅ​ឯ​ណា? ឱ​សេចក្តី​ស្លាប់​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា?» រី​ឯ​ទ្រនិច​នៃ​សេចក្តី​ស្លាប់ គឺ​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យ‌វិន័យ តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជម្នះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។

១ កូរិនថូស 15:1-58 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។ ប្រសិន​បើ​បងប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ទេ​នោះ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ​តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បងប្អូន​មុខ​តែ​ឥត​ប្រយោជន៍។ មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។ បន្ទាប់​មក ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បងប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ​បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។ បន្ទាប់​មក​ទៀត ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។ ក្រោយ​បង្អស់ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ខ្ញុំ ដែល​ប្រៀប​បី​ដូច​ជា​កូន​កើត​មិន​គ្រប់​ខែ​នេះ​ឃើញ​ដែរ ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។ ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។ ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។ បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែង‌ក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បងប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បងប្អូន​នៅ​តែ​ជាប់​បាប​ដដែល។ រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!។ ប៉ុន្តែ ព្រះ‌គ្រិស្ត​ពិត​ជា​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន។ ក្នុង​ចំណោម​មនុស្ស​ស្លាប់ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ។ បើ​មនុស្ស​លោក​ត្រូវ​ស្លាប់ ព្រោះ​តែ​មនុស្ស​ម្នាក់ គេ​ក៏​នឹង​រស់​ឡើង​វិញ​ដោយ‌សារ​មនុស្ស​តែ​ម្នាក់​ដែរ។ មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ ម្នាក់ៗ​តាម​លំដាប់‌លំដោយ គឺ​ព្រះ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ បន្ទាប់​មក អស់​អ្នក​ដែល​ជា​សិស្ស*​របស់​ព្រះ‌គ្រិស្ត​នឹង​រស់​ឡើង​វិញ នៅ​ពេល​ព្រះអង្គ​យាង​មក​ដល់។ បន្ទាប់​មក​ទៀត នឹង​ដល់​អវសាន‌កាល គឺ​នៅ​ពេល​នោះ ព្រះ‌គ្រិស្ត​នឹង​ប្រគល់​ព្រះ‌រាជ្យ*​ថ្វាយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ក្រោយ​ពី​បាន​រំលំ​រាជ្យ អំណាច និង​ឫទ្ធិ​ទាំង​ប៉ុន្មាន​រួច​ស្រេច​ហើយ។ ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ ។ សត្រូវ​ចុង​ក្រោយ​បង្អស់ ដែល​នឹង​ត្រូវ​រំលាយ​ចោល​នោះ គឺ​សេចក្ដី​ស្លាប់។ ព្រះ‌ជាម្ចាស់​បាន​ ដាក់​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​ព្រះ‌បាទា របស់​ព្រះ‌គ្រិស្ត​រួច​ស្រេច​ហើយ។ ប៉ុន្តែ កាល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត” ដូច្នេះ មិន​មែន​រាប់​បញ្ចូល​ព្រះអង្គ​ផ្ទាល់ ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ មក​ដាក់​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​នោះ​ទេ ព្រះអង្គ​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ឡើយ។ លុះ​ដល់​ពេល​អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌គ្រិស្ត​ហើយ ទើប​ព្រះ‌បុត្រា​ផ្ទាល់​នឹង​ចុះ​ចូល​ក្រោម​អំណាច​ព្រះ‌បិតា ដែល​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​អំណាច​ព្រះអង្គ​នោះ​វិញ​ដែរ ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​បាន​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់ ក្នុង​គ្រប់​ប្រការ​ទាំង​អស់។ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទាល់​តែ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក* សម្រាប់​ពួក​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ដូច្នេះ តើ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់​ទាំង​នោះ បាន​ប្រយោជន៍​អ្វី? រីឯ​យើង​វិញ យើង​ស៊ូ​ប្ដូរ​ជីវិត​តទល់​នឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​នោះ បាន​ប្រយោជន៍​អ្វី​ដែរ? បងប្អូន​អើយ រៀង​រាល់​ថ្ងៃ​ខ្ញុំ​ប្រឈម​មុខ​តទល់​នឹង​សេចក្ដី​ស្លាប់​ជានិច្ច។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​បងប្អូន​ថា សេចក្ដី​នេះ​ពិត​មែន ដូច​បងប្អូន​ជា​កិត្តិយស​របស់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​របស់​យើង​ស្រាប់​ហើយ។ ប្រសិន​បើ​ខ្ញុំ​គិត​តាម​តែ​ទស្សនៈ​របស់​មនុស្ស​ប៉ុណ្ណោះ តើ​ខ្ញុំ​តយុទ្ធ​នឹង​សត្វ​សាហាវ​នៅ​ក្រុង​អេភេសូ បាន​ប្រយោជន៍​អ្វី? ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ចូរ​យើង​នាំ​គ្នា​គិត​តែ​ពី​ស៊ី​ផឹក​ទៅ ព្រោះ​ថ្ងៃ​ស្អែក យើង​មុខ​តែ​ស្លាប់​មិន​ខាន ។ សូម​បងប្អូន​កុំ​ភាន់‌ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​ឲ្យ​ខូច​ទម្លាប់​ល្អ”។ ហេតុ​នេះ ចូរ​ភ្ញាក់​ខ្លួន​ឡើង កុំ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ។ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បងប្អូន​ខ្មាស​ខ្លួន។ មាន​ម្នាក់​ប្រហែល​ជា​ចង់​សួរ​ថា: «តើ​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​បែប​ដូច​ម្ដេច? តើ​អ្នក​រស់​ឡើង​វិញ​មាន​រូប​កាយ​យ៉ាង​ណា?»។ មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ងាប់​សិន។ គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ​នោះ មិន​មែន​មាន​រូប​រាង​ដូច​ដើម​ដែល​នឹង​ដុះ​នោះ​ឡើយ គឺ​គ្រាន់​តែ​ជា​គ្រាប់​មួយ ដូច​ជា​គ្រាប់​ស្រូវ ឬ​គ្រាប់​អ្វី​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​គ្រាប់​នោះ​មាន​រូប​រាង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​គ្រាប់​ពូជ​នីមួយៗ​ដុះ​ឡើង មាន​រូប​រាង​របស់​វា​ផ្ទាល់។ រីឯ​សត្វ​លោក​ទាំង​អស់​ក៏​មាន​សាច់​ផ្សេងៗ​ពី​គ្នា​ដែរ គឺ​មនុស្ស​មាន​សាច់​ម្យ៉ាង សត្វ​ចតុប្បាទ​មាន​សាច់​ម្យ៉ាង សត្វ​ស្លាប​មាន​សាច់​ម្យ៉ាង ហើយ​ត្រី​មាន​សាច់​ម្យ៉ាង។ រូប​កាយ​នៅ​ស្ថាន‌សួគ៌ និង​រូប​កាយ​នៅ​លើ​ផែនដី​ក៏​ខុស​ពី​គ្នា​ដែរ។ រូប​កាយ​នៅ​ស្ថាន‌សួគ៌​មាន​ពន្លឺ​រស្មី​រុងរឿង ជាង​រូប​កាយ​នៅ​លើ​ផែនដី។ ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។ ចំណែក​មនុស្ស​ស្លាប់ ដែល​រស់​ឡើង​វិញ ក៏​ដូច្នោះ​ដែរ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី​តែងតែ​រលួយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ មិន​ចេះ​រលួយ​ទេ។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ថោក​ទាប រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​សិរី‌រុងរឿង រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ដ៏​ទន់​ខ្សោយ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ឫទ្ធា‌នុភាព។ រូប​កាយ​ដែល​គេ​កប់​ក្នុង​ដី ជា​រូប​កាយ​ធម្ម‌ជាតិ រីឯ​រូប​កាយ​ដែល​រស់​ឡើង​វិញ ជា​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ។ ប្រសិន​បើ​មាន​រូប​កាយ​ធម្ម‌ជាតិ​មែន រូប​កាយ​ប្រកប​ដោយ​វិញ្ញាណ​ក៏​មាន​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​មក​ថា «មនុស្ស​ទី​មួយ គឺ​លោក​អដាំ​បាន​ទទួល​ជីវិត» ។ រីឯ​លោក​អដាំ​ចុង​ក្រោយ​បង្អស់ បាន​ទៅ​ជា​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ មិន​មែន​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ​ទេ​ដែល​កើត​មុន គឺ​រូប​កាយ​ធម្ម‌ជាតិ​វិញ​ឯ‌ណោះ​ទេ​តើ​ដែល​បាន​កើត​មុន ទើប​រូប​កាយ​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ កើត​មក​តាម​ក្រោយ។ មនុស្ស​ទី​មួយ​កើត​ចេញ​ពី​ដី​មក មាន​លក្ខណៈ​ជា​ដី។ រីឯ​មនុស្ស​ទី​ពីរ​វិញ កើត​មក​ពី​ស្ថាន​បរម‌សុខ*។ អស់​អ្នក​ដែល​កើត​ពី​ដី​ក៏​មាន​លក្ខណៈ​ដូច​អ្វីៗ​នៅ​លើ​ដី​នេះ ហើយ​អស់​អ្នក​ដែល​កើត​ពី​ស្ថាន​បរម‌សុខ ក៏​មាន​លក្ខណៈ​ដូច​ព្រះអង្គ ដែល​នៅ​ស្ថាន​បរម‌សុខ​ដែរ។ យើង​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ដី​យ៉ាង​ណា យើង​ក៏​នឹង​មាន​ទ្រង់‌ទ្រាយ​ដូច​ព្រះអង្គ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​យ៉ាង​នោះ​ដែរ។ បងប្អូន​អើយ ខ្ញុំ​ចង់​និយាយ​ថា រូប​កាយ​ដែល​ធ្វើ​ពី​សាច់​ពី​ឈាម​ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​ឡើយ ហើយ​អ្វីៗ​ដែល​តែងតែ​រលួយ ក៏​ពុំ​អាច​ទទួល​អ្វី​ដែល​មិន​ចេះ​រលួយ​នោះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​បងប្អូន​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​មួយ គឺ​ថា យើង​មិន​ស្លាប់​ទាំង​អស់​គ្នា​ទេ ប៉ុន្តែ យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ទាំង​អស់​គ្នា ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់‌ទ្រាយ​ដែរ ព្រោះ​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ ត្រូវ​តែ​ទទួល​យក​ភាព​ដែល​មិន​ចេះ​រលួយ ហើយ​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ ត្រូវ​ទទួល​យក​ភាព​អមតៈ។ នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ ព្រះ‌បន្ទូល​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នឹង​បាន​សម្រេច​គឺ​ថា: «ជ័យ‌ជម្នះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ! មច្ចុរាជ​អើយ តើ​ទ្រនិច​របស់​ឯង​នៅ​ឯ​ណា? មច្ចុរាជ​អើយ តើ​អំណាច​ប្រហារ​ជីវិត​របស់​ឯង នៅ​ឯ​ណា?» ។ ទ្រនិច​នៃ​សេចក្ដី​ស្លាប់​នោះ​មក​ពី​អំពើ​បាប រីឯ​អំណាច​នៃ​អំពើ​បាប​មក​ពី​ក្រឹត្យ‌វិន័យ* ។ សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ដោយ‌សារ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត*។ ហេតុ​នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹង‌ប៉ឹង​មាំ‌មួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌អម្ចាស់​ឲ្យ​បាន​ចម្រើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បងប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ទាំង​នឿយ‌ហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។

១ កូរិនថូស 15:1-58 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយ‌សារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​ពួក​បង​ប្អូន​ជាង​៥០០​នាក់​ឃើញ​តែ​ម្តង ជា​ពួក​ដែល​មាន​គ្នា​ច្រើន​រស់​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ តែ​មាន​ខ្លះ​បាន​ដេក​លក់​ទៅ​ហើយ ក្រោយ​ទៀត ទ្រង់​លេច​មក​ឲ្យ​យ៉ាកុប​ឃើញ ក៏​ឲ្យ​ពួក​សាវក​ទាំង​អស់​គ្នា​ឃើញ​ដែរ រួច​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ ជា​ខាង​ក្រោយ​គេ​បង្អស់ ដូច​ជា​លេច​មក​ដល់​កូន​កើត​មុន​កំណត់​ដែរ ដ្បិត​ក្នុង​បណ្តា​ពួក​សាវក នោះ​ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ មិន​គួរ​នឹង​ហៅ​ខ្ញុំ​ជា​សាវក​ផង​ទេ ពី​ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ដល់​ពួក​ជំនុំ​នៃ​ព្រះ ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ‌គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ‌គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ ដូច្នេះ ទោះ​បើ​ជា​ខ្ញុំ ឬ​អ្នក​ទាំង​នោះ​ក្តី គង់​តែ​យើង​ផ្សាយ​ដំណឹង​បែប​យ៉ាង​នោះ ក៏​យ៉ាង​នោះ​ឯង ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​ដែរ។ បើ​សិន​ជា​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ពួក​អ្នក​រាល់​គ្នា​ខ្លះ និយាយ​បាន ថា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​វិញ​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ ឈ្មោះ​ថា​យើង​ខ្ញុំ​ជា​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ពី​ព្រះ​វិញ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះ​ថា ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ហើយ តែ​បើ​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ប្រាកដ​ជា​ទ្រង់​មិន​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ឡើង​វិញ​ពិត ដ្បិត​បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​មិន​បាន​រស់​ឡើង​ដែរ ហើយ​បើ​ព្រះ‌គ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ ហើយ​អស់​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះ‌គ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ បើ​សិន​ជា​យើង​មាន​ទី​សង្ឃឹម​ក្នុង​ព្រះ‌គ្រីស្ទ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​វេទនា លើស​ជាង​មនុស្ស​ទាំង​អស់​ទៅ​ទៀត។ តែ​ឥឡូវ​នេះ ព្រះ‌គ្រីស្ទ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ ដ្បិត​ដែល​សេចក្ដី​ស្លាប់​បាន​មក​ដោយ‌សារ​មនុស្ស នោះ​សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ក៏​មក​ដោយ‌សារ​មនុស្ស​ដែរ ព្រោះ ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះ‌គ្រីស្ទ​យ៉ាង​នោះ​ដែរ តែ​គ្រប់​គ្នា​តាម​លំដាប់​រៀង​ខ្លួន គឺ​ព្រះ‌គ្រីស្ទ​ជា​ផល​ដំបូង រួច​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ‌គ្រីស្ទ ក្នុង​កាល​ដែល​ទ្រង់​យាង​មក គ្រា​នោះ​បាន​ដល់​ចុង​បំផុត​ហើយ ជា​វេលា​ដែល​ទ្រង់​នឹង​ប្រគល់​នគរ ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ទៅ​វិញ ក្រោយ​ដែល​ទ្រង់​បាន​ទំលាក់​អស់​ទាំង​រាជ្យ នឹង​អំណាច ហើយ​នឹង​ឥទ្ធិ‌ឫទ្ធិ​ទាំង​ប៉ុន្មាន​ចេញ ដ្បិត​គួរ​ឲ្យ​ទ្រង់​បាន​សោយ‌រាជ្យ ទាស់​តែ​ដាក់​អស់​ទាំង​ខ្មាំង​សត្រូវ​នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់ ឯ​ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ ដែល​ត្រូវ​បំផ្លាញ គឺ​ជា​សេចក្ដី​ស្លាប់ ពី​ព្រោះ​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ព្រះ‌បាទ​ទ្រង់​ហើយ តែ​ដែល​ថា បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នោះ​ច្បាស់​ជា​មិន​និយាយ​ពី​ព្រះ ដែល​បង្ក្រាប​គ្រប់​របស់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​នោះ​ទេ ហើយ​កាល​ណា​ទ្រង់​បាន​បង្ក្រាប​គ្រប់​របស់​ទាំង​អស់​នៅ​ក្រោម​ទ្រង់ នោះ​ព្រះ‌រាជ‌បុត្រា​នោះ​ឯង ក៏​នឹង​ត្រូវ​ក្រាប​ក្រោម​ព្រះ ដែល​បាន​បង្ក្រាប​គ្រប់​ទាំង​អស់ នៅ​ក្រោម​ទ្រង់​ដែរ ដើម្បី​ឲ្យ​ព្រះ​បាន​ធ្វើ​ជា​គ្រប់​ទាំង​អស់​ក្នុង​គ្រប់​ទាំង​អស់។ ពុំ​នោះ ពួក​អ្នក​ដែល​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់ នឹង​ធ្វើ​ដូច​ម្តេច បើ​សិន​ជា​ពួក​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ទទួល​បុណ្យ​ជ្រមុជ ទុក​ជា​គំរូ​ពី​សេចក្ដី​ស្លាប់​ធ្វើ​អី ហេតុ​អ្វី​បាន​ជា​យើង​មាន​សេចក្ដី​អន្តរាយ​រាល់​ពេល​រាល់​វេលា​ដែរ ខ្ញុំ​ស្បថ​ដោយ​នូវ​សេចក្ដី​អំនួត ដែល​ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ថា ខ្ញុំ​ស្លាប់​រាល់​តែ​ថ្ងៃ បើ​សិន​ជា​ខ្ញុំ​បាន​ត‌យុទ្ធ​នឹង​សត្វ​ព្រៃ នៅ​ក្រុង​អេភេសូរ តាម​របៀប​ជា​មនុស្ស នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ បើ​សិន​ណា​ជា​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​មែន នោះ​ចូរ​យើង​ស៊ី​ផឹក​ទៅ​ចុះ ដ្បិត​ស្អែក​យើង​ត្រូវ​ស្លាប់​ហើយ កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ ចូរ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ខាង​ឯ​សេចក្ដី​សុចរិត​ចុះ កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ខ្លះ​មិន​ស្គាល់​ព្រះ​ទេ ខ្ញុំ​ថា​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ខ្មាស។ មុខ​ជា​នឹង​មាន​អ្នក​ណា​មួយ​សួរ​ថា ឯ​ពួក​មនុស្ស​ស្លាប់ នឹង​រស់​ឡើង​វិញ​យ៉ាង​ណា តើ​មក​វិញ​មាន​រូប‌កាយ​ដូច​ម្តេច ឱ​មនុស្ស​កំឡៅ​អើយ គ្រាប់​ពូជ​ដែល​អ្នក​ព្រោះ​ទៅ បើ​មិន​ងាប់ នោះ​មិន​ពន្លក​ដុះ​ឡើង​ទេ ហើយ​គ្រាប់​ដែល​អ្នក​ព្រោះ​នោះ មិន​មែន​ដូច​ជា​ដើម​ដែល​ពន្លក​ឡើង​នោះ​ដែរ គឺ​ជា​គ្រាប់​សុទ្ធ ដូច​ជា​គ្រាប់​ស្រូវ ឬ​ពូជ​ណា​ទៀត​ក្តី តែ​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មាន​ដើម​ទីទៃ​ពី​គ្នា​រៀង​រាល់​ពូជ តាម​ព្រះ‌ហឫទ័យ​ទ្រង់ គ្រប់​ទាំង​សាច់​ក៏​មិន​ដូច​គ្នា​ដែរ គឺ​មាន​១​របស់​មនុស្ស ១​របស់​សត្វ ១​របស់​ត្រី ហើយ​១​របស់​សត្វ​ហើរ ក៏​មាន​រូប‌កាយ​សំរាប់​ស្ថាន‌សួគ៌ ហើយ​មាន​រូប‌កាយ​សំរាប់​ផែនដី​ដែរ តែ​សិរី​របស់​រូប‌កាយ​នៅ​ស្ថាន‌សួគ៌ នឹង​របស់​រូប‌កាយ​នៅ​ផែនដី​នោះ​ទីទៃ​ពី​គ្នា ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ សេចក្ដី​ដែល​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ នោះ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​កប់​ទៅ ជា​រូប‌កាយ ដែល​ពុក‌រលួយ តែ​រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ​ឡើយ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់‌ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី‌ល្អ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​កំសោយ តែ​រស់​ឡើង​វិញ ទាំង​មាន​ព្រះ‌ចេស្តា បាន​កប់​ទៅ ជា​រូប‌កាយ ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូប‌កាយ​ខាង​វិញ្ញាណ​វិញ បើ​មាន​រូប‌កាយ ខាង​សាច់​ឈាម នោះ​ក៏​មាន​រូប‌កាយ ខាង​វិញ្ញាណ​ដែរ ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក ពី​លោក​អ័ដាម ដែល​ជា​មនុស្ស​មុន​ដំបូង​ថា «បាន​ត្រឡប់​ជា​មាន​ព្រលឹង​រស់» តែ​លោក​អ័ដាម​ក្រោយ​បង្អស់ ជា​វិញ្ញាណ​ដ៏​ប្រោស​ឲ្យ​រស់​វិញ ឯ​វិញ្ញាណ​មិន​មែន​កើត​មុន​ទេ គឺ​ជា​រូប​សាច់​ទេ​តើ រួច​ទើប​មាន​វិញ្ញាណ​ជា​ខាង​ក្រោយ មនុស្ស​មុន​ដំបូង​កើត​មក​ពី​ដី គឺ​ធ្វើ​មក​ពី​ធូលី​ដី តែ​មនុស្ស​ទី​២ ជា​ព្រះ‌អម្ចាស់​ដែល​ចេញ​មក​ពី​ស្ថាន‌សួគ៌​វិញ ឯ​មនុស្ស​ដែល​កើត​ពី​ធូលី​ដី​មក​ជា​យ៉ាង​ណា នោះ​អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី ក៏​យ៉ាង​នោះ​ដែរ ហើយ​ព្រះ‌អម្ចាស់ ដែល​យាង​មក​ពី​ស្ថាន‌សួគ៌ ជា​យ៉ាង​ណា ពួក​ស្ថាន‌សួគ៌​ក៏​យ៉ាង​នោះ​ដែរ យើង​ក៏​នឹង​មាន​រូប​រាង​របស់​ព្រះ‌អម្ចាស់​ពី​ស្ថាន‌សួគ៌ ដូច​ជា​យើង​មាន​រូប​រាង​របស់​មនុស្ស ដែល​ធ្វើ​ពី​ធូលី​មក​ដែរ បង​ប្អូន​អើយ សេចក្ដី​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​ថា សាច់​ឈាម​ពុំ​អាច​នឹង​គ្រង​នគរ​ព្រះ​ជា​មរដក​បាន​ឡើយ ហើយ​សេចក្ដី​ពុក‌រលួយ​ក៏​ពុំ​អាច​នឹង​គ្រង​សេចក្ដី ដែល​មិន​ចេះ​ពុក‌រលួយ​បាន​ដែរ។ នែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អាថ៌‌កំបាំង គឺ​ថា​យើង​ទាំង​អស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំង​អស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច‌ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ មិន​ពុក‌រលួយ​ទៀត​ឡើយ រួច​យើង​រាល់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ ដ្បិត​ត្រូវ​តែ​រូប‌កាយ​ដ៏​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ​វិញ ហើយ​រូប‌កាយ​ដែល​រមែង​ស្លាប់​នេះ ត្រូវ​តែ​បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ​ដែរ កាល​ណា​រូប‌កាយ​ពុក‌រលួយ​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ពុក‌រលួយ ហើយ​រូប‌កាយ​ដែល​តែង‌តែ​ស្លាប់​នេះ បាន​ប្រដាប់​ដោយ​សេចក្ដី​មិន​ចេះ​ស្លាប់​វិញ នោះ​ទើប​នឹង​បាន​សំរេច​តាម​ពាក្យ ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ជ័យ‌ជំនះ​បាន​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ» «ឱ​សេចក្ដី​ស្លាប់​អើយ ទ្រនិច​ឯង​នៅ​ឯ​ណា សេចក្ដី​ស្លាប់​អើយ ជ័យ‌ជំនះ​របស់​ឯង​នៅ​ឯ​ណា» រីឯ​ទ្រនិច​នៃ​សេចក្ដី​ស្លាប់ គឺ​ជា​អំពើ​បាប ហើយ​អំណាច​របស់​បាប គឺ​ជា​ក្រិត្យ‌វិន័យ តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យ‌ជំនះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ជា​បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​កាន់​យ៉ាង​ខ្ជាប់‌ខ្ជួន ដោយ​ឥត​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ។