១ កូរិនថូស 15:1-5

១ កូរិនថូស 15:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​រំឭក​អ្នក​រាល់​គ្នា​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា ជា​ដំណឹង​ល្អ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​មាំ​ក្នុង​ដំណឹង​ល្អ​នោះ​ដែរ អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ​ដោយ​សារ​ដំណឹង​ល្អ​នោះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ពុំ​នោះ​ទេ អ្វី​ដែល​អ្នក​រាល់​គ្នា​បាន​ជឿ​មុខ​ជា​ឥត​ប្រយោជន៍។ ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​មក គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​ត្រូវ​គេ​ប​ញ្ចុះ​ក្នុង​ផ្នូរ រួច​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​បទ​គម្ពីរ ហើយ​ថា ព្រះ‌អង្គ​បាន​លេច​ឲ្យ​លោក​កេ​ផាស​ឃើញ រួច​ឲ្យ​សាវក​ទាំង​ដប់​ពីរ​ឃើញ​ដែរ។

១ កូរិនថូស 15:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។ ប្រសិន​បើ​បងប្អូន​មិន​ឃ្លាត​ចាក​ពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ទេ​នោះ បងប្អូន​នឹង​ទទួល​ការ​សង្គ្រោះ​តាម​រយៈ​ដំណឹង‌ល្អ​នេះ​ដែរ។ បើ​ឃ្លាត​ចាក ជំនឿ​របស់​បងប្អូន​មុខ​តែ​ឥត​ប្រយោជន៍។ មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។ គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះអង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។

១ កូរិនថូស 15:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ផ្សាយ​រួច​មក​ហើយ ជា​ដំណឹង​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ក៏​ឈរ​ជាប់​ក្នុង​នោះ​ផង អ្នក​រាល់​គ្នា​កំពុង​តែ​បាន​សង្គ្រោះ ដោយ‌សារ​ដំណឹង​ល្អ​នោះ​ផង គឺ​បើ​សិន​ជា​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល ដែល​ខ្ញុំ​បាន​ថ្លែង​ប្រាប់​មក លើក​តែ​អ្នក​រាល់​គ្នា​បាន​ជឿ ដោយ​ឥត​បើ​គិត ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះ‌គ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី​៣ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ក៏​តាម​បទ​គម្ពីរ ហើយ​ថា ទ្រង់​បាន​លេច​មក​ឲ្យ​កេផាស​ឃើញ រួច​ដល់​ពួក​១២​នាក់​ដែរ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ