១ កូរិនថូស 14:1-4

១ កូរិនថូស 14:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។ ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។

១ កូរិនថូស 14:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះ‌បន្ទូល​វិញ កសាង​ក្រុម‌ជំនុំ។

១ កូរិនថូស 14:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្ដី​អាថ៌‌កំបាំង ដោយ​នូវ​វិញ្ញាណ ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សំរាប់​នឹង​ស្អាង​ចិត្ត កំឡាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ស្អាង​តែ​ចិត្ត​ខ្លួន​ឯង​ទេ តែ​អ្នក​ណា​ដែល​អធិប្បាយ នោះ​ទើប​ស្អាង​ចិត្ត​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​វិញ