១ កូរិនថូស 12:4-11

១ កូរិនថូស 12:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រី​ឯ​អំណោយ‌ទាន​មាន​ផ្សេងៗពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ទេ ហើយក៏​មាន​មុខ‌ងា​រ​ផ្សេងៗពី​គ្នា តែ​ជា​ព្រះ‌អម្ចាស់​ដដែល។ មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​គឺ​ព្រះ​ដដែល​នោះ​ឯង​ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ នៅ​ក្នុង​មនុស្ស​ទាំង‌អស់។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ​ដែល ឲ្យ​ម្នាក់​ទៀត​មាន​អំណោយ‌ទាន​នៃ​ការ​ប្រោស​ឲ្យ​ជា ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។ ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។

១ កូរិនថូស 12:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ព្រះអង្គ​ទេ ដែល​ប្រទាន​ឲ្យ។ មាន​មុខងារ​ផ្សេងៗ​ពី​គ្នា តែ​យើង​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​ដដែល។ មាន​សកម្ម‌ភាព​ផ្សេងៗ​ពី​គ្នា តែ​មាន​ព្រះ‌ជាម្ចាស់​តែ​មួយ​ព្រះអង្គ​ទេ ដែល​បំពេញ​សកម្ម‌ភាព​ទាំង​នោះ នៅ​ក្នុង​មនុស្ស​ទាំង​អស់។ ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្តែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​ប្រោស​មនុស្ស​ឲ្យ​ជា​ពី​ជំងឺ ឲ្យ​ម្នាក់​ទៀត​ចេះ​ធ្វើ​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ចេះ​ថ្លែង*​ព្រះ‌បន្ទូល ឲ្យ​ម្នាក់​ទៀត​ចេះ​ស្ទង់​មើល​វិញ្ញាណ​ល្អ ឬ​អាក្រក់ ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ឲ្យ​ម្នាក់​ទៀត​ចេះ​បក​ប្រែ​ន័យ​ភាសា​ទាំង​នោះ ប៉ុន្តែ មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល ដែល​បំពេញ​សកម្ម‌ភាព​ទាំង​អស់ ហើយ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

១ កូរិនថូស 12:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេងៗ​ពី​គ្នា តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​ដដែល​ទេ ហើយ​ក៏​មាន​មុខ‌ងារ​ផ្សេងៗ​ពី​គ្នា តែ​គឺ​ជា​ព្រះ‌អម្ចាស់​ដដែល​ដែរ ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ​ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់ ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌វិញ្ញាណ​សំដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង‌វៃ ដោយ‌សារ​ព្រះ‌វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ តាម​ព្រះ‌វិញ្ញាណ​ដដែល ហើយ​ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​សេចក្ដី​ជំនឿ ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន នឹង​អាច​ប្រោស​ឲ្យ​ជា ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​សំដែង​ការ​ឫទ្ធិ‌បារមី នឹង​ឲ្យ​មួយ​ទៀត​ចេះ​អធិប្បាយ ឲ្យ​មួយ​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​មួយ​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​មួយ​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗ​ផង តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ