១ កូរិនថូស 12:12-31

១ កូរិនថូស 12:12-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ដូច​ដែល​រូប​កាយ​មួយ​មាន​អវ‌យវៈ​ច្រើន ហើយ​អវ‌យវៈ​ទាំង‌អស់​នៅ​ក្នុង​រូប​កាយ​នោះ ទោះ​មាន​ច្រើន​មែន តែ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ​យ៉ាង​ណា នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ។ ដ្បិត​យើង​ទាំង‌អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រិក​ក្ដី ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​ពិធី​ជ្រមុជ​ចូល​ទៅ​ក្នុង​រូប‌កាយ​តែ​មួយ ដោយ​សារ​ព្រះ‌វិញ្ញាណ​តែ​មួយ ហើយ​ព្រះ​ប្រទាន​ឲ្យ​យើង​គ្រប់​គ្នា​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែមួយ។ រូប‌កាយ​មិន​មែន​មាន​អវ‌យវៈ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ដៃ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។ បើ​រូប‌កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់​ណា? បើ​រូប‌កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក តើ​នឹង​ដឹង​ក្លិ​ន​នៅ​ត្រង់​ណា? ប៉ុន្ដែ តាម​ពិត ព្រះ​បាន​ដាក់​អវ‌យវៈ​នីមួយៗ​នៅ​ក្នុង​រូប‌កាយ ឲ្យ​មាន​មុខ​ងារ​រៀង​ខ្លួន តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។ បើ​ទាំង‌អស់​សុទ្ធ​តែ​ជា​អវ‌យវៈ​តែ​មួយ តើ​រូប‌កាយ​នៅ​ឯ​ណា? តាម​ពិត អវយវៈ​មាន​ច្រើន តែ​រូប‌កាយ​មាន​តែ​មួយ​ទេ។ ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ទេ ឯ​ក្បាល​ក៏​មិន​អាច​និយាយ​ទៅ​ជើង​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៅ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​អវ‌យវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​រាប់​អាន​កាន់​តែ​ខ្លាំង ហើយ​អវ‌យវៈ​ណា​របស់​យើង​ដែល​មិន​ល្អ​មើល នោះ​យើង​កាន់​តែ​គោរព​យ៉ាង​ពិសេស​វិញ រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។ អ្នក​រាល់​គ្នា​ជា​រូប‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អវ‌យវៈ​របស់​រូប‌កាយ​រៀងៗ​ខ្លួន។ ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។ តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវក​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​ហោរា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ភាសា​ដទៃ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​បក​ប្រែ​ភាសា​ដទៃ​ឬ? ចូរ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ដែល​ប្រសើរ​ជាង​គេ​ចុះ។ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​មួយ​ដែល​វិសេស​ជាង​ទៅ​ទៀត។

១ កូរិនថូស 12:12-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌គ្រិស្ត*​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។ យើង​ទាំង​អស់​គ្នា ទោះ​បី​ជា​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី អ្នក​ងារ​ក្ដី អ្នក​ជា​ក្ដី ក៏​យើង​បាន​ទទួល​ពិធី​ជ្រមុជ*​ក្នុង​ព្រះ‌វិញ្ញាណ​តែ​មួយ ដើម្បី​ផ្សំ​គ្នា​ឡើង​ជា​ព្រះ‌កាយ​តែ​មួយ ហើយ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ទទួល​ព្រះ‌វិញ្ញាណ​តែ​មួយ​ដែរ។ រូប​កាយ​មិន​មែន​មាន​សរីរាង្គ​តែ​មួយ​ទេ គឺ​មាន​ច្រើន។ បើ​ជើង​និយាយ​ថា «ខ្ញុំ​មិន​មែន​ដៃ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ជើង​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ភ្នែក ដូច្នេះ ខ្ញុំ​មិន​មែន​ជា​ចំណែក​របស់​រូប​កាយ​ទេ» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​របស់​រូប​កាយ​ដដែល។ ប្រសិន​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ភ្នែក ធ្វើ​ម្ដេច​នឹង​ស្ដាប់​ឮ​បាន? ហើយ​បើ​រូប​កាយ​ទាំង​មូល​សុទ្ធ​តែ​ជា​ត្រចៀក ធ្វើ​ម្ដេច​នឹង​ដឹង​ក្លិន​បាន? តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​សរីរាង្គ​នីមួយៗ​មាន​មុខងារ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ប្រសិន​បើ​ទាំង​អស់​ជា​សរីរាង្គ​តែ​មួយ តើ​រូប​កាយ​នៅ​ឯ​ណា? តាម​ពិត សរីរាង្គ​មាន​ច្រើន តែ​រូប​កាយ​មាន​តែ​មួយ​ប៉ុណ្ណោះ។ ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំបាច់ ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។ បងប្អូន​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។ ក្នុង​ក្រុម‌ជំនុំ​មុន​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ឲ្យ​មាន​សាវ័ក* បន្ទាប់​មក ព្រះអង្គ​តែង‌តាំង​អ្នក​ថ្លែង​ព្រះ‌បន្ទូល បន្ទាប់​មក​ទៀត ព្រះអង្គ​តែង‌តាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះ‌អំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ព្រះ‌អំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះ‌អំណោយ​ទាន​ខាង​ណែ‌នាំ ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ*។ តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវ័ក​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្រៀន​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឬ? គ្រប់​គ្នា​សុទ្ធ​តែ​មាន​ព្រះ‌អំណោយ​ទាន​ខាង​បក​ប្រែ​ភាសា​ចម្លែក​អស្ចារ្យ​ឬ?។ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​ណា​ដែល​សំខាន់ៗ​ជាង​គេ។ ប៉ុន្តែ ខ្ញុំ​ចង់​បង្ហាញ​ប្រាប់​បងប្អូន​អំពី​មាគ៌ា​មួយ​ទៀត ដែល​ប្រសើរ​លើស‌លុប​បំផុត។

១ កូរិនថូស 12:12-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដូច​ជា​រូប‌កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ ដ្បិត​យើង​ទាំង​អស់​គ្នា ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រេក បាវ​បំរើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យ​ជ្រមុជ ចូល​ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ព្រះ‌វិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែ​១​ដែរ រូប‌កាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ បើ​សិន​ជា​ជើង​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ដៃ នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី ហើយ​បើ​សិន​ជា​ត្រចៀក​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ភ្នែក នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី បើ​រូប‌កាយ​ទាំង​ស្រុង​សុទ្ធ​តែ​ជា​ភ្នែក នោះ​តើ​នឹង​ស្តាប់​នៅ​ត្រង់​ណា បើ​រូប‌កាយ​ទាំង​ស្រុង សុទ្ធ​តែ​ជា​ត្រចៀក នោះ​តើ​នឹង​ដឹង​ក្លិន​នៅ​ត្រង់​ណា តែ​ព្រះ‌ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​និមួយៗ ក្នុង​រូប‌កាយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់ បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូប‌កាយ​នឹង​នៅ​ឯ​ណា តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ​រូប‌កាយ​តែ​១​ទេ ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ អ្នក​រាល់​គ្នា​ជា​រូប‌កាយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូប‌កាយ​រៀង​ខ្លួន ព្រះ‌ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវក ទី​២​ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក​មាន​ការ​ឫទ្ធិ‌បារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់‌គ្រង ហើយ​ជា​ភាសា​ដទៃ​ផង តើ​គ្រប់​គ្នា​ជា​សាវក​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​អធិប្បាយ​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​ឬ​អី គ្រប់​គ្នា​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ឬ​អី គ្រប់​គ្នា​មាន​អស់​ទាំង​អំណោយ​ទាន​នឹង​ប្រោស​ឲ្យ​ជា​បាន​ឬ​អី គ្រប់​គ្នា​អាច​និយាយ​ភាសា​ដទៃ​បាន​ឬ​អី គ្រប់​គ្នា​ចេះ​បក​ប្រែ​ភាសា​បាន​ឬ​អី ចូរ​សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត។