១ កូរិនថូស 10:23-33

១ កូរិនថូស 10:23-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ឡើយ។ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​វិញ។ បងប្អូន​អាច​បរិភោគ​អ្វីៗ​ដែល​គេ​លក់​នៅ​តាម​ផ្សារ​តាម​ចិត្ត មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​របស់​ខ្លួន​នោះ​ឡើយ ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់​ទាំង​អស់» ។ ប្រសិន​បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​បងប្អូន​ទៅ​ពិសា​បាយ ហើយ​បងប្អូន​យល់​ព្រម​ទៅ សូម​ពិសា​ម្ហូប​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​លើក​មក​ជូន​បងប្អូន មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​ខ្លាច​ធ្វើ​ខុស​នឹង​មន‌សិការ​នោះ​ឡើយ!។ ប៉ុន្តែ បើ​គេ​ប្រាប់​បងប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។ ខ្ញុំ​មិន​និយាយ​អំពី​មន‌សិការ​របស់​បងប្អូន​ទេ គឺ​សំដៅ​ទៅ​លើ​មន‌សិការ​របស់​អ្នក​ដែល​បាន​ប្រាប់​បងប្អូន​នោះ​វិញ។ ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ក្នុង​ការ​ប្រព្រឹត្ត បែរ​ជា​ត្រូវ​សម្រប​ទៅ​តាម​មន‌សិការ​របស់​អ្នក​ដទៃ​ដូច្នេះ? ប្រសិន​បើ​ខ្ញុំ​ទទួល​ទាន​អាហារ​ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​ខ្ញុំ​អំពី​អាហារ ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​រួច​ហើយ​នោះ​ទៅ​វិញ? ដូច្នេះ ទោះ​បី​បងប្អូន​ពិសា​ម្ហូប​អាហារ​អ្វី ពិសា​ភេសជ្ជៈ​អ្វី ឬ​ទោះ​បី​បងប្អូន​ធ្វើ​ការ​អ្វី​ក៏​ដោយ ក៏​ត្រូវ​ធ្វើ​ទាំង​អស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ សូម​បងប្អូន​កុំ​ធ្វើ​ឲ្យ​សាសន៍​យូដា សាសន៍​ក្រិក ឬ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់ ជំពប់​ចិត្ត​ឡើយ។ រីឯ​ខ្ញុំ​វិញ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​មិន​ស្វែង​រក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ គឺ​ស្វែង​រក​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ។

១ កូរិនថូស 10:23-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​និយាយ​ថា៖ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់​បាន» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​មាន​ប្រយោជន៍​នោះ​ទេ។ «ខ្ញុំ​មាន​ច្បាប់​នឹង​ធ្វើ​គ្រប់​ការ​ទាំង‌អស់» តែ​មិន​មែន​គ្រប់​ការ​ទាំង‌អស់​សុទ្ធ​តែ​ស្អាង​ចិត្ត​នោះ​ឡើយ។ កុំ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ត្រូវ​ស្វែង​រក​ប្រយោជន៍​ដល់​អ្នក​ដទៃ​វិញ។ ចូរ​បរិ‌ភោគ​អ្វីៗ​ទាំង‌អស់​ដែល​គេ​ល​ក់​នៅ​ទី​ផ្សារ​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់ ប្រសិន‌បើ​មាន​អ្នក​មិន​ជឿ​អញ្ជើញ​អ្នក​ទៅ​ពិសា​បាយ ហើយ​អ្នក​ចង់​ទៅ​ដែរ ចូរ​បរិ‌ភោគ​អាហារ​ទាំង​ប៉ុន្មាន​ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ មិន​បាច់​សួរ​ដេញ​ដោល ព្រោះ​តែ​ខ្លាច​ខុស​នឹង​មន​សិការ​នោះ​ឡើយ។ ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ ខ្ញុំ​និយាយ​នេះ​មិន​មែន​សំដៅ​លើ​មន​សិការ​របស់​អ្នក​ទេ គឺ​មន‌សិការ​របស់​អ្នក​ដទៃ។ ហេតុ​អ្វី​បាន​ជា​មន​សិការ​របស់​អ្នក​ដទៃ​កំណត់​សេរីភាព​របស់​ខ្ញុំ​ដូច្នេះ? បើ​ខ្ញុំ​ទទួល​ទា​ន​ដោយ​អរ​ព្រះ‌គុណ ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ? ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។ កុំ​ធ្វើ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា ដល់​សាសន៍​ក្រិក ឬ​ក្រុម​ជំនុំ​របស់​ព្រះ​ឡើយ ឯ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ខ្ញុំ​ខំ​ប្រឹង​ផ្គា​ប់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​គ្រប់​កិច្ច‌ការ​ទាំង‌អស់ ខ្ញុំ​មិន​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ស្វែង​រក​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ។

១ កូរិនថូស 10:23-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​គ្មាន​ប្រយោជន៍​ទេ មាន​ច្បាប់​ធ្វើ​គ្រប់​ការ​ទាំង​អស់ តែ​គ្រប់​ទាំង​ការ​មិន​ស្អាង​ចិត្ត​ឡើង​ទេ កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ ចូរ​បរិភោគ​គ្រប់​របស់​ទាំង​អស់ ដែល​គេ​លក់​នៅ​ទី​ផ្សារ ឥត​ចាំ​បាច់​សើុប​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ដ្បិត​ផែនដី នឹង​របស់​ទាំង​អស់​នៅ​ផែនដី សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌អម្ចាស់ តែ​បើ​អ្នក​ណា​ដែល​មិន​ជឿ គេ​អញ្ជើញ​អ្នក​ទៅ​ពិសា ហើយ​អ្នក​ចង់​ទៅ​ដែរ នោះ​ត្រូវ​បរិភោគ​គ្រប់​មុខ ដែល​គេ​ដាក់​នៅ​មុខ​អ្នក​ចុះ ឥត​ចាំ​សួរ​អ្វី​ឡើយ ដោយ​យល់​ដល់​បញ្ញា​ចិត្ត ប៉ុន្តែ បើ​អ្នក​ណា​ប្រាប់​អ្នក​ថា មុខ​នេះ​ជា​ដង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ហើយ នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ ដោយ​យល់​ដល់​អ្នក​ដែល​ប្រាប់​នោះ នឹង​បញ្ញា​ចិត្ត​ផង ដែល​ខ្ញុំ​ថា បញ្ញា​ចិត្ត​នេះ នោះ​មិន​មែន​បញ្ញា​ចិត្ត​របស់​អ្នក​ទេ គឺ​របស់​គេ​វិញ ដ្បិត​ហេតុ​អ្វី​បាន​ជា​សេរី‌ភាព​របស់​ខ្ញុំ​ត្រូវ​បញ្ញា​ចិត្ត​របស់​គេ​ជំនុំ‌ជំរះ បើ​ខ្ញុំ​ទទួល​ទាន​ដោយ​អរ​ព្រះ‌គុណ នោះ​តើ​ហេតុ​អ្វី​បាន​ជា​គេ​ប្រកាន់​ទោស​ខ្ញុំ ដោយ​ព្រោះ​របស់​ដែល​ខ្ញុំ​បាន​អរ​ព្រះ‌គុណ​រួច​ហើយ​នោះ ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​ចូរ​ធ្វើ​ទាំង​អស់​សំរាប់​ចំរើន​សិរី‌ល្អ​ដល់​ព្រះ​ចុះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បង្អាក់​ចិត្ត ដល់​ពួក​សាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួក​ជំនុំ​នៃ​ព្រះ​ឡើយ ដូច​ជា​ខ្លួន​ខ្ញុំ​ក៏​ផ្គាប់​ដល់​ចិត្ត​មនុស្ស​គ្រប់​គ្នា ក្នុង​ការ​ទាំង​អស់​ដែរ ដោយ​ឥត​រក​ផល​ប្រយោជន៍​ដល់​ខ្លួន​ឡើយ គឺ​ជា​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​វិញ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​រួច។