១ កូរិនថូស 10:1-13
១ កូរិនថូស 10:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរស*របស់យើងសុទ្ធតែបានដើរក្រោមពពក* និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។ ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។ បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រិស្ត។ ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។ ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។ សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ» ។ យើងមិនត្រូវបណ្ដោយខ្លួនឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។ គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គមិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។
១ កូរិនថូស 10:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះទេថា បុព្វបុរសរបស់យើងបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរឆ្លងសមុទ្រ គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ គ្រប់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។ ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។ កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។ យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក ក៏មិនត្រូវរអ៊ូរទាំ ដូចពួកលោកខ្លះបានរអ៊ូរទាំ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ។ ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
១ កូរិនថូស 10:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ ពីដំណើរពួកឰយុកោយើងទេ ថាគេបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរកាត់សមុទ្រ គ្រប់គ្នាបានទទួលបុណ្យជ្រមុជក្នុងពពក ហើយក្នុងសមុទ្រនោះ ឲ្យបានតាមលោកម៉ូសេ គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។