១ កូរិនថូស 1:20-30
១ កូរិនថូស 1:20-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ? ដ្បិតដោយមនុស្សលោកមិនបានស្គាល់ព្រះតាមប្រាជ្ញារបស់ខ្លួន ទើបតាមប្រាជ្ញារបស់ព្រះ ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើដែលយើងប្រកាសនោះវិញ។ ព្រោះសាសន៍យូដាចង់ឃើញទីសម្គាល់ ហើយសាសន៍ក្រិកស្វែងរកប្រាជ្ញា តែយើងប្រកាសអំពីព្រះគ្រីស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះអង្គត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក ព្រះគ្រីស្ទជាព្រះចេស្តារបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។ ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។ បងប្អូនអើយ សូមពិចារណាមើលចុះ ក្នុងចំណោមអ្នករាល់គ្នាដែលព្រះបានត្រាស់ហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងសាច់ឈាម មិនសូវមានអ្នកមានអំណាចច្រើន និងអ្នកមានត្រកូលខ្ពស់ច្រើនទេ។ ផ្ទុយទៅវិញ ព្រះបានជ្រើសរើសអ្វីដែលល្ងីល្ងើក្នុងលោកនេះ ដើម្បីធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលខ្សោយក្នុងលោកនេះ ដើម្បីធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ព្រះបានជ្រើសរើសអ្វីដែលទាបថោក និងអ្វីដែលគេមើលងាយនៅលោកីយ៍នេះ អ្វីៗដែលគ្មាន ដើម្បីធ្វើឲ្យអ្វីៗដែលមានទៅជាអសារឥតការ ដើម្បីកុំឲ្យមនុស្សណាអួតខ្លួននៅចំពោះព្រះបានឡើយ។ ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
១ កូរិនថូស 1:20-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្តែងឲ្យគេស្គាល់នោះឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ត*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។ អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។ បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាព្រះជាម្ចាស់ត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃ មកផ្ចាញ់អ្វីៗដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ឡើយ គឺព្រះអង្គហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រិស្តយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សម្រាប់យើង។ ព្រះអង្គប្រទានឲ្យយើងបានសុចរិត* បានវិសុទ្ធ* និងលោះយើងឲ្យមានសេរីភាព។
១ កូរិនថូស 1:20-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្ដីល្ងង់ល្ងើវិញទេតើ ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្ដីល្ងង់ល្ងើដល់សាសន៍ក្រេក តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនឹងសាសន៍ក្រេកផង ដ្បិតសេចក្ដីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ។ ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្ដីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្ដីខ្មាស ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយនេះ នឹងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ នឹងសេចក្ដីប្រោសលោះដល់យើងផង