១ កូរិនថូស 1:10-17

១ កូរិនថូស 1:10-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​តែមួយ​ទាំង‌អស់​គ្នា កុំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​មួយ។ ដ្បិត​បង‌ប្អូន​អើយ ខ្ញុំ​បាន​ឮ​អ្នក​ផ្ទះ​របស់​នាង​ខ្លូអេ​ប្រាប់​ខ្ញុំ​ថា មាន​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ​និយាយ​ថា៖ «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ខ្លះ​ថា៖ «ខ្ញុំ​ជា​របស់​លោក​អ័ប៉ុ‌ឡូស» ឬ «ខ្ញុំ​ជា​របស់​លោក​កេ‌ផាស» ឬ «ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ»។ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ? តើ​ប៉ុល​ត្រូវ​គេ​ឆ្កាង​សម្រាប់​អ្នក​រាល់​គ្នា​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ុល? ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែង​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ (ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ណាស​ដែរ លើស​ពី​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ)។ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:10-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ត!»។ តើ​ព្រះ‌គ្រិស្ត​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បងប្អូន? ឬ​មួយ​ក៏​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល? ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស‌ប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។ ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។ ព្រះ‌គ្រិស្ត​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ‌គ្រិស្ត​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម‌សារ។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:10-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង‌តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល នឹង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:10-17

១ កូរិនថូស 1:10-17 គខប១ កូរិនថូស 1:10-17 គខប១ កូរិនថូស 1:10-17 គខប១ កូរិនថូស 1:10-17 គខប១ កូរិនថូស 1:10-17 គខប១ កូរិនថូស 1:10-17 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ