១ របាក្សត្រ 25:1-8
១ របាក្សត្រ 25:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖ គឺក្នុងពួកកូនចៅអេសាភ មានសាគើរ យ៉ូសែប នេថានា និងអ័សារេឡា សុទ្ធតែជាកូនអេសាភ ក៏នៅក្នុងបង្គាប់អេសាភដែរ គឺជាអ្នកដែលពោលតាមបង្គាប់ស្តេច។ ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ស៊ីម៉ាយ ហាសាបយ៉ា និងម៉ាធិធា ទាំងអស់មានប្រាំមួយនាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ និងពាក្យសរសើរតម្កើងព្រះយេហូវ៉ា។ ខាងឯហេម៉ាន ពួកកូនចៅលោក គឺប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូសបេកាសា ម៉ាឡូធី ហូធារ និងម៉ាហាស៊ីយ៉ូត។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សម្រាប់លើកស្នែងឡើងផ្លុំ ព្រះប្រោសឲ្យហេម៉ានបានកូនប្រុសដប់បួននាក់ និងកូនស្រីបីនាក់។ អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សម្រាប់ការចម្រៀងក្នុងព្រះដំណាក់របស់ព្រះយេហូវ៉ា ដោយលេងឈិង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច អ្នកទាំងនោះ និងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួនពីររយប៉ែតសិបប្រាំបីនាក់។ គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។
១ របាក្សត្រ 25:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌ និងពួកមេទ័ព បានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចម្រៀង មានដូចតទៅ: កូនចៅរបស់លោកអេសាភមាន លោកសាគើរ លោកយ៉ូសែប លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភ ដែលច្រៀងថ្លែងព្រះបន្ទូលតាមបញ្ជារបស់ស្ដេច។ រីឯកូនចៅរបស់លោកយេឌូថិនមាន លោកកេដាលា លោកសេរី លោកយេសាយ៉ា លោកហាសាបយ៉ា លោកម៉ាធិធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយរូបនេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូថិន ជាឪពុក ដែលច្រៀងថ្លែងព្រះបន្ទូល ដោយប្រគំពិណ លើកតម្កើង និងសរសើរព្រះអម្ចាស់។ កូនចៅរបស់លោកហេម៉ានមាន លោកប៊ូកគា លោកម៉ាថានា លោកអ៊ូស៊ាល លោកសេបួល លោកយេរីម៉ូត លោកហាណានា លោកហាណានី លោកអេលាថា លោកគីដាលធី លោករ៉ូម៉ាមធី-អេស៊ើរ លោកយ៉ូស បេកាសា លោកម៉ាឡូធី លោកហួធារ និងលោកម៉ាហាស៊ីយ៉ូត។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាគ្រូទាយរបស់ស្ដេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោកហេម៉ានមានកូនប្រុស ១៤នាក់ និងកូនស្រី៣នាក់។ ពួកគេច្រៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកអេសាភ លោកយេឌូថិន និងលោកហេម៉ាន ស្ថិតនៅក្រោមបញ្ជារបស់ស្ដេច។ ពួកគេមានចំនួនទាំងអស់ ២៨៨នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចម្រៀងតម្កើងព្រះអម្ចាស់ ហើយចេះបង្រៀនដែរ។ ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។
១ របាក្សត្រ 25:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌ នឹងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន នឹងយេឌូថិនខ្លះ ចេញទុកសំរាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ នឹងឈឹង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូច្នេះ គឺក្នុងពួកកូនចៅអេសាភ មានសាគើរ យ៉ូសែប នេថានា នឹងអ័សារេឡា សុទ្ធតែជាកូនអេសាភ ក៏នៅក្នុងបង្គាប់អេសាភដែរ គឺជាអ្នកដែលពោលតាមបង្គាប់ស្តេច ខាងឯយេឌូថិន ពួកកូនចៅលោក គឺកេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា នឹងស៊ីម៉ាយ ទាំងអស់មាន៦នាក់ គេកាន់ស៊ុងនៅក្នុងបង្គាប់យេឌូថិន ជាឪពុកគេ ដែលជាអ្នកពោលពំនោល ដោយពាក្យអរព្រះគុណ នឹងពាក្យសរសើរដល់ព្រះយេហូវ៉ា ខាងឯហេម៉ាន ពួកកូនចៅលោក គឺប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូសបេកាសា ម៉ាឡូធី ហូធារ នឹងម៉ាហាស៊ីយ៉ូត នោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សំរាប់លើកស្នែងឡើងផ្លុំ ព្រះទ្រង់ប្រោសឲ្យហេម៉ានបានកូនប្រុស១៤ នឹងកូនស្រី៣ អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សំរាប់ការចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដោយលេងឈឹង ពិណ នឹងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន នឹងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច អ្នកទាំងនោះ នឹងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួន២៨៨នាក់ គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ នឹងសិស្ស ក៏ដូចគ្នាទាំងអស់។