១ របាក្សត្រ 23:27-32

១ របាក្សត្រ 23:27-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។ ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀបចំ​ម្សៅ​ម៉ដ្ដ​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀបចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចម្អិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។ ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជានិច្ច។ ពួក​គេ​ត្រូវ​មើល​ថែ‌រក្សា​ព្រះ‌ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ទីសក្ការៈ ហើយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អើរ៉ុន ដែល​ជា​បងប្អូន​របស់​ពួក​គេ។

១ របាក្សត្រ 23:27-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ព្រះបាទ​ដាវីឌ គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​លោក​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សម្រាប់​តង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចម្អិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី និង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង។ គេ​ត្រូវ​ឈរ​រាល់​ព្រឹក ដើម្បី​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា និង​ពេល​ល្ងាច​ផង។ ត្រូវ​ថ្វាយ​គ្រប់​ទាំង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច​តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន ជា​បង‌ប្អូន​គេ ដែល​សម្រាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ផង។

១ របាក្សត្រ 23:27-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បំរើ​ពួក​កូន​ចៅ​អើរ៉ុន សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន នឹង​ការ​សំអាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សំរាប់​ដង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចំអិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី ហើយ​នឹង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង គេ​ត្រូវ​ឈរ​រាល់​តែ​ព្រឹក ដើម្បី​នឹង​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពេល​ល្ងាច​ផង ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ នឹង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ ដែល​សំរាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ផង។