១ របាក្សត្រ 22:15-19

១ របាក្សត្រ 22:15-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា‌មួយ​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​មនុស្ស​ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ។ ខាង​ឯ​មាស ប្រាក់ លង្ហិន និង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ឯង»។ ព្រះបាទ​ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក​កំពូល​ៗ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​‌បុត្រា​ទ្រង់ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា‌មួយ​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា និង​ពួក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ស្អាង​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ព្រះ‌អង្គ​មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង​សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ»។

១ របាក្សត្រ 22:15-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។ រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង បំពេញ​កិច្ចការ​នេះ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ!»។ ព្រះ‌បាទ​ដាវីឌ​បាន​ផ្ដាំ​មន្ត្រី​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម‌ជ្រែង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះអង្គ​ប្រទាន​ឲ្យ​អស់​លោក​បាន​សម្រាក​គ្រប់​ទិស‌ទី ដ្បិត​ព្រះអង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ។ ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទីសក្ការៈ​របស់​ព្រះ‌ជា‌អម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។

១ របាក្សត្រ 22:15-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ ខាង​ឯ​មាស ប្រាក់ លង្ហិន នឹង​ដែក នោះ​មាន​ជា​ច្រើន​ឥត​គណនា ដូច្នេះ ចូរ​ឯង​រៀបចំ​ឡើង ចាប់​ធ្វើ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​នឹង​ឯង​ផង។ ដាវីឌ​ក៏​បង្គាប់​ដល់​ពួក​អ្នក ដែល​ជា​កំពូល​របស់​សាសន៍​អ៊ីស្រាអែល​ដែរ ឲ្យ​គេ​ត្រូវ​ជួយ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដោយ​បន្ទូល​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា មិន​គង់​នៅ​ជា​មួយ​ទេ​ឬ​អី តើ​ទ្រង់​មិន​បាន​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក នៅ​គ្រប់​ទិស​ដែរ​ទេ​ឬ ដ្បិត​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ស្រុក​នេះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ ស្រុក​នេះ​បាន​ចុះ​ចូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ពួក​រាស្ត្រ​របស់​ទ្រង់ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​តាំង​ចិត្ត តាំង​ព្រលឹង ដើម្បី​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ចូរ​ខំ​ប្រឹង​ឡើង ស្អាង​ទី​បរិសុទ្ធ​ផង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដើម្បី​នឹង​នាំ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​បរិសុទ្ធ​របស់​ទ្រង់ មក​ក្នុង​ព្រះ‌វិហារ ដែល​នឹង​ត្រូវ​ស្អាង សំរាប់​ព្រះ‌នាម​ទ្រង់។