សេផានា 3:14-20

សេផានា 3:14-20 គខប

ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។ «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។ នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សេផានា 3:14-20