សេផានា 2

2
ចូរ​កែ​ប្រែ​ចិត្ត​គំនិត
1ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ
ចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា
2មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស
មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង
ប៉ើង​តាម​ខ្យល់
និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា
នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!
3អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប
នៅ​ក្នុង​ស្រុក​អើយ
អ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ
ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។
ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន
នោះ​អ្នក​រាល់​គ្នា​ប្រហែល​បាន​រួច​ជីវិត
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជាតិ​សាសន៍​នានា ដែល​នៅ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល
4 ក្រុង​កាសា​នឹង​ត្រូវ​ប្រជា‌ជន​បោះ​បង់​ចោល
ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ក្រុង​អាស‌ដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជា‌ជន​ចេញ
ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។
5ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង
អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន
ស្រុក​ភីលីស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក
លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។
6ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា
វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ
និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។
7កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង
ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។
ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន
ធ្វើ​ជា​ជម្រក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។
ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ
ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល
ព្រះអង្គ​ស្ដារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។
8 «យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់
និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ
ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ត្រ​របស់​យើង
ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។
9 ហេតុ​នេះ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ
យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:
ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម
ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​ដែរ
គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ
ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។
ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់
នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ
ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព
ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។
10ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពី
ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល
ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។
11 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាច
ដ្បិត​ព្រះអង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន
ឲ្យ​អស់​ពី​ផែនដី
ប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ
នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ
នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។
12 «ជន‌ជាតិ​អេត្យូ‌ពី​អើយ
អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ
យើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នា
ដោយ​ដាវ​របស់​យើង»។
13 ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ
ស្រុក​ខាង​ជើង
ព្រះអង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី
ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ
ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។
14ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ
ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំ‌ប្រមា
ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។
សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។
ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់
ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។
15មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ
ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា
គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន
បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។
អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។

ទើបបានជ្រើសរើសហើយ៖

សេផានា 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល