ទីតុស 2
2
សេចក្ដីបង្រៀនដ៏ត្រឹមត្រូវ
1ចំពោះអ្នកវិញ ត្រូវនិយាយតែសេចក្ដីណា ដែលស្របតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ។ 2ចូរជម្រាបលោកតាចាស់ៗកុំឲ្យស្រវឹងស្រា ត្រូវមានកិរិយាថ្លៃថ្នូរ មានចិត្តធ្ងន់ មានជំនឿស្អាតស្អំ មានចិត្តស្រឡាញ់ និងចេះស៊ូទ្រាំ។
3រីឯលោកយាយចាស់ៗវិញក៏ដូច្នោះដែរ ចូរជម្រាបគាត់ឲ្យកាន់កិរិយាមារយាទ សមជាអ្នកដែលមានជីវិតដ៏វិសុទ្ធ* កុំឲ្យនិយាយមួលបង្កាច់គេ ឬចំណូលស្រាឡើយ។ គាត់ត្រូវចេះផ្ដល់យោបល់ល្អៗ 4ដើម្បីជួយអប់រំស្ត្រីៗដែលនៅក្មេងឲ្យចេះស្រឡាញ់ស្វាមី និងស្រឡាញ់កូនរបស់ខ្លួន 5ឲ្យមានចិត្តធ្ងន់ មានចរិយាបរិសុទ្ធ យកចិត្តទុកដាក់នឹងកិច្ចការក្នុងផ្ទះសំបែង មានចិត្តល្អ គោរពចុះចូលនឹងស្វាមីរៀងៗខ្លួន។ ធ្វើដូច្នេះ គ្មាននរណាអាចមួលបង្កាច់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។
6រីឯពួកយុវជនវិញ ចូរដាស់តឿនគេឲ្យមានចិត្តធ្ងន់គ្រប់វិស័យទាំងអស់។ 7ចូរប្រព្រឹត្តអំពើល្អ ធ្វើជាគំរូដល់គេ គឺបង្រៀនគេយ៉ាងស្អាតស្អំ និងថ្លៃថ្នូរ 8និយាយពាក្យសម្ដីត្រឹមត្រូវ ដែលរករិះគន់មិនកើត។ ធ្វើដូច្នេះ ពួកអ្នកប្រឆាំងនឹងបាក់មុខ ព្រោះគេរកអ្វីនិយាយអាក្រក់ពីយើងមិនបាន។
9ចូរប្រាប់បងប្អូន ដែលជាខ្ញុំបម្រើ ឲ្យស្ដាប់បង្គាប់ម្ចាស់រៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់ ត្រូវធ្វើឲ្យម្ចាស់ពេញចិត្ត មិនត្រូវជំទាស់នឹងគាត់ 10មិនត្រូវគៃបន្លំយកអ្វីពីម្ចាស់ឡើយ ផ្ទុយទៅវិញ ត្រូវសម្តែងចិត្តល្អស្មោះត្រង់ទាំងស្រុងជានិច្ច ដើម្បីលើកកិត្តិយសសេចក្ដីបង្រៀនអំពីព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង ក្នុងគ្រប់កិច្ចការទាំងអស់។
11ព្រះជាម្ចាស់បានសម្តែងឲ្យយើងស្គាល់ព្រះគុណព្រះអង្គ ជាព្រះគុណដែលផ្ដល់ការសង្គ្រោះដល់មនុស្សទាំងអស់ 12ហើយអប់រំយើងឲ្យលះបង់ចិត្ត ដែលមិនចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់ចោល ឲ្យលះបង់សេចក្ដីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឲ្យយើងរស់នៅក្នុងលោកនេះដោយមានចិត្តធ្ងន់ សុចរិត* និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ 13ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះជាម្ចាស់ដ៏ឧត្ដមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ 14 ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។
15អ្នកត្រូវបង្រៀនសេចក្ដីនេះ ទាំងដាស់តឿន និងស្ដីបន្ទោស ដោយប្រើអំណាចពេញទី។ កុំឲ្យនរណាមើលងាយអ្នកឡើយ។
ទើបបានជ្រើសរើសហើយ៖
ទីតុស 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.