បទចម្រៀង 4
4
1ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់!
នៅពីក្រោយស្បៃ
កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ
សក់របស់អូនមានពណ៌ខ្មៅ
ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
2ធ្មេញរបស់អូនមានពណ៌ស
ដូចហ្វូងចៀមដែលគេទើបនឹងកាត់រោម
ហើយនាំគ្នាឡើងពីអណ្ដូងទឹកមកវិញ។
វាសុទ្ធតែមានគូរបស់វា
ហើយគ្មានណាមួយនៅឯកោឡើយ។
3បបូរមាត់របស់អូនប្រៀបបាននឹង
ខ្សែបូពណ៌ក្រហម
មាត់របស់អូនស្អាតណាស់
នៅពីក្រោយស្បៃ ថ្ពាល់របស់អូន
ក្រហមស្រស់ដូចផ្លែទទឹម។
4ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចដាវីឌ
ដែលមានរាងមូល ហើយរលោង
មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ
គឺជាខែលរបស់ទាហានដ៏អង់អាច។
5សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ
របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។
6ខ្ញុំនឹងធ្វើដំណើរទៅភ្នំប្រេងទេព្វិរូ
និងភ្នំគ្រឿងក្រអូប
ឲ្យបានមុនជំនោរពេលល្ងាច
ហើយមុនពេលស្រមោលរលាយបាត់ទៅ។
7ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់
អូនល្អឥតខ្ចោះ។
8សម្លាញ់ចិត្តបងអើយ
ចូរចេញដំណើរពីភ្នំលីបង់ទៅជាមួយបង!
ចូរចេញដំណើរពីភ្នំលីបង់នេះជាមួយបង!
ចូរមើលពីកំពូលភ្នំអាម៉ាណា
កំពូលភ្នំសេនៀរ និងកំពូលភ្នំហ៊ើរម៉ូន។
ចូរចាកចេញពីលំនៅរបស់សិង្ហ
និងពីភ្នំដែលជាលំនៅរបស់ខ្លារខិននេះទៅ។
9អូនស្រីសម្លាញ់ចិត្តបងអើយ
អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ
ដោយសារកែវភ្នែករបស់អូន
និងដោយសារលំអខ្សែកតែមួយរបស់អូន
អូនបានធ្វើឲ្យបេះដូងបងញាប់ញ័រ។
10អូនស្រីសម្លាញ់ចិត្តបងអើយ
សេចក្ដីស្រឡាញ់របស់អូនទន់ភ្លន់ណាស់
សេចក្ដីស្រឡាញ់របស់អូន ប្រសើរជាង
ស្រាទំពាំងបាយជូរ
ហើយក្លិនរបស់អូន ក្រអូបជាងគ្រឿងក្រអូប
ទាំងប៉ុន្មានទៅទៀត។
11សម្លាញ់ចិត្តបងអើយ
បបូរមាត់អូនមានរសជាតិផ្អែម
ដូចទឹកដមរបស់ផ្កា
នៅក្រោមអណ្ដាតរបស់អូន
ក៏មានរសជាតិផ្អែមដូចទឹកឃ្មុំ និងទឹកដោះគោ
ហើយសម្លៀកបំពាក់របស់អូនមានក្លិនក្រអូប
ដូចព្រៃព្រឹក្សានៅស្រុកលីបង់។
12អូនស្រីសម្លាញ់ចិត្តបងអើយ
អូនជាសួនឧទ្យានតែមួយគត់របស់បង
អូនជាអណ្ដូងទឹករបស់បង
និងជាប្រភពទឹករបស់បង។
13ក្លិនរបស់អូនប្រៀបបាននឹងក្លិនរបស់
ចម្ការទទឹម ដែលមានផ្លែយ៉ាងល្អវិសេស។
ចម្ការនោះក៏មានដាំដើមខ្លឹមចន្ទន៍ និងទេព្វិរូដែរ
14ដើមទេព្វិរូ និងរមៀត
ដើមចំប៉ី និងដើមសម្បុរល្វែង
ព្រមទាំងដើមឈើទាំងអស់សម្រាប់ធ្វើគ្រឿងក្រអូប
ជ័រល្វីងទេស ក្រស្នា
និងឈើក្រអូបដ៏វិសេស
គ្រប់យ៉ាង។
15អូនជាប្រភពទឹក ហូរស្រោចស្រពសួនឧទ្យាន
អូនជាអណ្ដូងផ្ដល់ទឹករស់
និងជាទឹកជ្រោះដែលហូរចុះពីភ្នំលីបង់។
16ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង
ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក
ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ
ដើម្បីឲ្យសាយក្លិនក្រអូប!
សូមម្ចាស់ចិត្តរបស់អូន
ចូលមកក្នុងសួនឧទ្យានរបស់បង
ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ!
ទើបបានជ្រើសរើសហើយ៖
បទចម្រៀង 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.