បទចម្រៀង 3

3
1ពេល​យប់​នៅ​លើ​គ្រែ
ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។
2ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទីក្រុង
ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។
3ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទីក្រុង
ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ
ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»
4ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅ
ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយ
ខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ
ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ
ដែល​បាន​បង្កើត​ខ្ញុំ​មក។
5ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្ដាន់
និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
6តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន
ដូច​កម្សួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ
គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?
7នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូន
ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច
ចំនួន​ហុក‌សិប​នាក់
គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ
នៃ​កង‌ទ័ព​អ៊ីស្រា‌អែល។
8អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ
រៀបចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។
ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​តទល់​នឹង
ភាព​អាសន្ន នៅ​ពេល​យប់។
9ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ
ពី​ឈើ​ស្រុក​លីបង់។
10ស្ដេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស
រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។
ផ្នែក​ខាង​ក្នុង​លំអ ដោយ​ក្រណាត់​ប៉ាក់
ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹម
ដែល​បំពេញ​កិច្ចការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។
11ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូន
ស្ដេច​ពាក់​មកុដ​ដែល​មាតា​បាន​បំពាក់​ថ្វាយ
នៅ​ថ្ងៃ​ស្ដេច​រៀប​អភិសេក
ជា​ថ្ងៃ​ដែល​ស្ដេច​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ។

ទើបបានជ្រើសរើសហើយ៖

បទចម្រៀង 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល