បទចម្រៀង 2
2
1រូបអូនប្រៀបបាននឹងបុប្ផានៅវាលសារ៉ូន
និងដូចផ្កាក្រវាន់ដុះនៅតាមជ្រលងភ្នំ។
2ក្នុងចំណោមស្រីៗទាំងឡាយ
អូនប្រៀបបាននឹងផ្កាក្រវាន់នៅក្នុងបន្លា។
3ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង
ចំណោមយុវជនទាំងឡាយ
ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។
អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង
ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
4ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង
ដំណាក់ស្រាទំពាំងបាយជូរ
នៅពីលើខ្ញុំមានសរសេរថា «សេចក្ដីស្នេហា»។
5សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ
សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន
ដើម្បីមានកម្លាំងឡើងវិញ
ដ្បិតខ្ញុំមានជំងឺស្នេហា។
6ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ
ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។
7ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់
និងសត្វប្រើសធ្វើជាសាក្សីថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
8ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ
គាត់កំពុងតែមក
ទាំងលោតផ្លោះនៅលើភ្នំតូចធំ។
9ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ
មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ
គាត់អើតតាមបង្អួច
ហើយពិនិត្យមើលតាមចម្រឹង។
10ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា:
អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង
ស្រីស្រស់ស្អាតអើយ ចូរចេញមក!
11ដ្បិតរដូវរងាបានកន្លងផុតទៅហើយ
រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។
12បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក
ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ
លលកបូលលាន់ឮពេញក្នុងស្រុកយើង។
13ឧទុម្ពរចាប់ផ្ដើមផ្លែ
ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប
អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង
ស្រីស្រស់ស្អាតអើយ ចូរចេញមក!
14ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន
នៅតាមក្រហែងថ្ម
សូមបង្ហាញមុខឲ្យបងឃើញផង
សូមបន្លឺសំឡេងឲ្យបងឮផង
ដ្បិតសំឡេងរបស់អូនពីរោះ
ហើយមុខរបស់អូនស្អាតណាស់។
15ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង
កូនកញ្ជ្រោងទាំងនោះបំផ្លាញ
ទំពាំងបាយជូររបស់យើង
ដែលកំពុងតែចេញផ្កា។
16ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ
ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ
គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
17ម្ចាស់ជីវិតអូនអើយ សូមវិលទៅវិញ
ឲ្យបានមុនជំនោរពេលល្ងាច
ហើយមុនពេលស្រមោលរលាយបាត់ទៅ។
សូមវិលទៅវិញឲ្យបានលឿនដូចក្ដាន់
និងប្រើសស្ទាវ នៅលើភ្នំដែលបែកគ្នា។
ទើបបានជ្រើសរើសហើយ៖
បទចម្រៀង 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.