នាងរស់ 2
2
នាងរស់រើសស្រូវនៅក្នុងស្រែរបស់លោកបូអូស
1នាងណាអូមីមានសាច់ញាតិខាងប្ដីម្នាក់ឈ្មោះបូអូស ជាអ្នកមានកិត្តិយស និងមានសម្បត្តិស្ដុកស្ដម្ភ។ 2 នាងរស់ ជាសាសន៍ម៉ូអាប់ ពោលទៅម្ដាយក្មេកថា៖ «សូមអ្នកម្ដាយឲ្យកូនទៅរើសស្រូវនៅតាមស្រែនានាទៅ គង់តែមានគេអាណិត ទុកឲ្យកូនរើសស្រូវតាមក្រោយពុំខាន»។ នាងណាអូមីឆ្លើយថា៖ «ទៅចុះកូន!»។ 3នាងរស់ក៏ចេញទៅរើសស្រូវតាមក្រោយពួកអ្នកច្រូតនៅក្នុងស្រែមួយ គាប់ជួនប៉ះចំលើស្រែរបស់លោកបូអូស ដែលត្រូវជាសាច់ញាតិរបស់លោកអេលីម៉ាឡេក។
4ពេលនោះ លោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោកដែរ!»។ 5បន្ទាប់មក លោកបូអូសសួរអ្នកបម្រើរបស់លោក ដែលទទួលខុសត្រូវលើពួកអ្នកច្រូតថា៖ «តើនាងនេះជានរណា?»។ 6បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។ 7នាងបានសុំដើរតាមពីក្រោយពួកអ្នកច្រូត ដើម្បីរើសសន្សំស្រូវដែលជ្រុះនៅលើដី។ នាងមករើសតាំងពីព្រលឹមរហូតមកទល់ពេលនេះ ហើយនាងបានទៅសម្រាកនៅផ្ទះតែមួយស្របក់ប៉ុណ្ណោះ»។ 8ពេលនោះ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «នាងអើយ សូមស្ដាប់ខ្ញុំ! កុំទៅរើសស្រូវក្នុងស្រែណាផ្សេងអី ហើយក៏កុំទៅណាឆ្ងាយពីស្រែនេះដែរ។ ចូរនៅជាមួយស្រីបម្រើរបស់ខ្ញុំទាំងនេះចុះ! 9ចូរឃ្លាំមើល បើឃើញគេទៅកន្លែងណា ចូរដើរតាមគេទៅ។ ខ្ញុំបានហាមអ្នកបម្រើប្រុសៗមិនឲ្យប៉ះពាល់នាងឡើយ។ បើនាងស្រេក ចូរទៅពិសាទឹកក្នុងក្អម ដែលពួកអ្នកបម្រើរបស់ខ្ញុំដងទុកនោះទៅ!»។ 10ពេលនោះ នាងរស់ក៏ក្រាបចុះឱនមុខដល់ដី ហើយពោលទៅកាន់លោកបូអូសថា៖ «ហេតុអ្វីក៏លោកប្រណីមេត្តាដល់នាងខ្ញុំ ដែលជាជនបរទេសដូច្នេះ?»។ 11លោកបូអូសឆ្លើយថា៖ «គេប្រាប់ខ្ញុំយ៉ាងច្បាស់អំពីការទាំងប៉ុន្មាន ដែលនាងបានប្រព្រឹត្តចំពោះម្ដាយក្មេក ក្រោយពេលប្ដីនាងស្លាប់ចោលទៅ គឺនាងសុខចិត្តលះបង់ឪពុកម្ដាយ និងស្រុកកំណើត មករស់នៅជាមួយជនជាតិដែលនាងមិនធ្លាប់ស្គាល់ពីមុនមក។ 12សូមព្រះអម្ចាស់តបស្នងមកនាងវិញ ស្របតាមការដែលនាងបានប្រព្រឹត្ត សូមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ប្រទានរង្វាន់មកនាងយ៉ាងបរិបូណ៌ ព្រោះនាងបានមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ»។ 13នាងរស់តបវិញថា៖ «លោកម្ចាស់មានចិត្តសប្បុរសមកលើនាងខ្ញុំជាពន់ពេក ទោះបីនាងខ្ញុំមានឋានៈទាបជាងស្រីបម្រើរបស់លោកក្ដី ក៏លោកមានប្រសាសន៍សម្រាលទុក្ខ និងលើកទឹកចិត្តនាងខ្ញុំដែរ»។
14នៅពេលបរិភោគ លោកបូអូសនិយាយទៅកាន់នាងរស់ថា៖ «អញ្ជើញមកពិសានំប៉័ង ហើយជ្រលក់នំប៉័ងក្នុងទឹកជ្រលក់នេះទៅ!»។ នាងរស់ក៏អង្គុយជិតពួកអ្នកច្រូត លោកបូអូសហុចលាជឲ្យនាង នាងបរិភោគឆ្អែត ហើយទុកលាជដែលនៅសល់ផង។ 15បន្ទាប់មក នាងក្រោកឡើងទៅរើសស្រូវទៀត។ ពេលនោះ លោកបូអូសបានបញ្ជាដល់អ្នកបម្រើរបស់លោកថា៖ «ទុកឲ្យនាងរើសស្រូវនៅកន្លែងមានកណ្ដាប់ផង កុំរារាំងនាងអី!។ 16ចូរទម្លាក់កួរស្រូវខ្លះចេញពីកណ្ដាប់ឲ្យនាងរើសផង កុំស្ដីបន្ទោសនាងឡើយ!»។
17នាងរស់រើសកួរស្រូវរហូតដល់ល្ងាច រួចនាងបោកបែនកួរស្រូវនោះបានជិតមួយថាំង។ 18នាងក៏ទូលស្រូវត្រឡប់មកភូមិ បង្ហាញឲ្យម្ដាយក្មេកឃើញ ព្រមទាំងយកអាហារដែលសល់ពីពេលបាយមកជូនគាត់ផងដែរ។ 19ម្ដាយក្មេកសួរនាងថា៖ «ថ្ងៃនេះ កូនរើសស្រូវនៅកន្លែងណា ក្នុងស្រែអ្នកណា? សូមព្រះអម្ចាស់ប្រទានពរដល់អ្នកដែលមានចិត្តមេត្តាចំពោះកូន!»។ នាងរស់បានរៀបរាប់ប្រាប់ម្ដាយក្មេកថា នាងទៅរើសស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស។ 20 នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរព្រះគុណព្រះអម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។ 21នាងរស់ ជាសាសន៍ម៉ូអាប់ ពោលថា៖ «គាត់បានប្រាប់កូនឲ្យនៅរើសស្រូវជាមួយអ្នកបម្រើរបស់គាត់ រហូតទាល់តែផុតរដូវចម្រូត»។ 22នាងណាអូមីពោលទៅកូនប្រសាទៀតថា៖ «កូននៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូសតទៅទៀត គឺជាការល្អណាស់! បើកូនទៅស្រែអ្នកដទៃ ក្រែងលោគេធ្វើបាប»។ 23នាងរស់នៅរើសស្រូវជាមួយស្រីបម្រើរបស់លោកបូអូស រហូតទាល់តែផុតរដូវចម្រូត។ នាងរស់ រស់នៅជាមួយម្ដាយក្មេកតទៅទៀត។
ទើបបានជ្រើសរើសហើយ៖
នាងរស់ 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.