នាងរស់ 1:14-22

នាងរស់ 1:14-22 គខប

ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។ នាង​ណាអូមី​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន‌ជាតិ​របស់​នាង និង​ទៅ​បម្រើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។ ប៉ុន្តែ នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។ អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។ ដោយ​ឃើញ​ថា​កូន​ប្រសា​ប្ដេជ្ញា​ចិត្ត​ទៅ​ជា​មួយ​ដូច្នេះ នាង​ណាអូមី​ក៏​នៅ​ស្ងៀម។ ម្ដាយ និង​កូន​បាន​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេថ្លេ‌ហិម។ កាល​អ្នក​ទាំង​ពីរ​មក​ដល់​ភូមិ​នោះ អ្នក​ស្រុក​ទាំង​អស់​ក៏​ភ្ញាក់​ផ្អើល ហើយ​ស្ត្រីៗ​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ជា​ណាអូមី​មែន ឬ​មិន​មែន?»។ នាង​ណាអូមី​ឆ្លើយ​ថា៖ «កុំ​ហៅ​ខ្ញុំ​ថា​“ណាអូមី”​ទៀត ត្រូវ​ហៅ​ខ្ញុំ​ថា​“ម៉ារ៉ា”​វិញ ដ្បិត​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្វីង​ជូរ​ចត់​ក្រៃ‌លែង។ ខ្ញុំ​ចាក​ចេញ​ពី​ទី​នេះ​ទៅ ខ្ញុំ​មាន​អ្វីៗ​គ្រប់​យ៉ាង ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ។ សូម​កុំ​ហៅ​ខ្ញុំ​ថា “ណាអូមី” ទៀត ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រឆាំង​នឹង​ខ្ញុំ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​លំបាក!»។ បែប​ដូច្នេះ​ហើយ ដែល​នាង​ណាអូមី​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ ទាំង​នាំ​នាង​រស់ សាសន៍​ម៉ូអាប់ ជា​កូន​ប្រសា​មក​ជា​មួយ​ផង។ អ្នក​ទាំង​ពីរ​បាន​មក​ដល់​ភូមិ​បេថ្លេ‌ហិម នៅ​ដើម​រដូវ​ចម្រូត។