នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។ ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្ដាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។ នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។ នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។ ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្ដាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ សូមព្រះអម្ចាស់ប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ កូនប្រសាទាំងពីរពោលទៅម្ដាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្ដាយ ជាមួយជនជាតិរបស់អ្នកម្ដាយដែរ»។ តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្ដាយ? ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។ ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។
អាន នាងរស់ 1
ស្ដាប់នូវ នាងរស់ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 1:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ