នាងរស់ 1
1
ទុក្ខវេទនារបស់គ្រួសារលោកអេលីម៉ាឡេក
1នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ 2បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។ 3ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ 4កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ 5បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្ដាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។
នាងណាអូមីវិលត្រឡប់ទៅភូមិបេថ្លេហិមវិញជាមួយនាងរស់ជាកូនប្រសា
6នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។ 7នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។
8ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្ដាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ 9សូមព្រះអម្ចាស់ប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ 10កូនប្រសាទាំងពីរពោលទៅម្ដាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្ដាយ ជាមួយជនជាតិរបស់អ្នកម្ដាយដែរ»។ 11តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្ដាយ? ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។ 12ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ 13តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។
14ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្ដាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្ដាយក្មេក។ 15នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ 16ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។ 17អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ 18ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។
19ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។ 20នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ 21ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ ព្រះអម្ចាស់បានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី” ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។
22បែបដូច្នេះហើយ ដែលនាងណាអូមីវិលត្រឡប់មកភូមិកំណើតវិញ ទាំងនាំនាងរស់ សាសន៍ម៉ូអាប់ ជាកូនប្រសាមកជាមួយផង។ អ្នកទាំងពីរបានមកដល់ភូមិបេថ្លេហិម នៅដើមរដូវចម្រូត។
ទើបបានជ្រើសរើសហើយ៖
នាងរស់ 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.