ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះគ្រិស្ត ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះគ្រិស្ត ព្រោះតែបងប្អូន និងញាតិសន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះអង្គ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រី*នានា មានគម្ពីរវិន័យ* ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មានបុព្វបុរស ហើយព្រះគ្រិស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច អាម៉ែន! ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ហើយអស់អ្នកដែលកើតពីពូជពង្សរបស់លោកអប្រាហាំ ក៏មិនមែនសុទ្ធតែជាកូនចៅរបស់លោកអប្រាហាំទាំងអស់គ្នាដែរ ដូចមានថ្លែងទុកមកថា «មានតែកូនចៅអ៊ីសាកប៉ុណ្ណោះ ដែលមានឈ្មោះថាជាពូជពង្សរបស់អ្នក» ពោលគឺមិនមែនកូនចៅដែលកើតមកតាមសាច់ឈាមធម្មតានោះទេ ដែលត្រូវរាប់ជាបុត្ររបស់ព្រះជាម្ចាស់ មានតែកូនចៅដែលកើតមកតាមព្រះបន្ទូលសន្យាប៉ុណ្ណោះ ទើបរាប់ជាពូជពង្សបាន ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា «ឆ្នាំក្រោយ យើងនឹងមកក្នុងពេលដដែលនេះ ហើយនាងសារ៉ានឹងមានកូនប្រុសមួយ» ។ មិនតែប៉ុណ្ណោះសោត នាងរេបិកាក៏មានផ្ទៃពោះនឹងបុរសតែមួយ គឺលោកអ៊ីសាកជាបុព្វបុរសរបស់យើង។ ព្រះជាម្ចាស់មានគម្រោងការជ្រើសរើសមនុស្ស ដោយមិនគិតពីអំពើដែលគេប្រព្រឹត្តនោះទេ គឺជ្រើសរើសតាមព្រះហឫទ័យរបស់ព្រះអង្គដែលត្រាស់ហៅ។ ដើម្បីឲ្យបានស្របតាមគម្រោងការនេះ នៅពេលកូនភ្លោះនៅក្នុងផ្ទៃ ពុំទាន់បានប្រព្រឹត្តអំពើល្អ ឬអាក្រក់នៅឡើយផងនោះ ព្រះអង្គក៏មានព្រះបន្ទូលទៅនាងរេបិកាថា «កូនច្បងនឹងបម្រើកូនប្អូន» ដូចមានចែងទុកមកថា «យើងស្រឡាញ់យ៉ាកុបជាងអេសាវ» ។ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? តើព្រះជាម្ចាស់អយុត្ដិធម៌ឬ? ទេ មិនមែនទេ! ដ្បិតព្រះអង្គមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា: «យើងនឹងមានចិត្តមេត្តាករុណាដល់នរណា ដែលយើងមេត្តាករុណា ហើយយើងក៏នឹងអាណិតអាសូរនរណា ដែលយើងអាណិតអាសូរដែរ» ។ ដូច្នេះ មិនមែនស្រេចតាមតែបំណងចិត្ត ឬការខំប្រឹងប្រែងរបស់មនុស្សឡើយ គឺស្រេចតាមតែព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណានោះវិញ ដ្បិតក្នុងគម្ពីរ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់ស្ដេចផារ៉ោនថា «យើងបានតាំងអ្នកជាស្ដេច ដើម្បីបង្ហាញឫទ្ធានុភាពរបស់យើងតាមរយៈអ្នក និងឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល» ។ ដូច្នេះ ព្រះអង្គមេត្តាករុណាដល់នរណាក៏បាន ស្រេចតែនឹងព្រះហឫទ័យរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យចិត្តនរណាទៅជារឹងរូសក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គដែរ។
អាន រ៉ូម 9
ស្ដាប់នូវ រ៉ូម 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 9:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ