រ៉ូម 8:31-39

រ៉ូម 8:31-39 គខប

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​សុចរិត​ហើយ​នោះ? តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ត‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ? តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? ដូច​មាន​ចែង​ទុក​មក​ថា: «ព្រោះ​តែ​ព្រះអង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ យក​ទៅ​សម្លាប់» ។ ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:31-39