រ៉ូម 8:1-17

រ៉ូម 8:1-17 គខប

ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ ការ​អ្វី​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជា‌ម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះអង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ឲ្យ​យាង​មក មាន​និស្ស័យ​ជា​មនុស្ស ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​ក្រឹត្យ‌វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រះ‌វិញ្ញាណ។ ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថ‌ភាព​នឹង​ចុះ​ចូល​បាន​ផង។ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ចំពោះ​បងប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន បងប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ទោះ​បី​រូប​កាយ​របស់​បងប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បងប្អូន​ដែរ មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រោស​បងប្អូន​ឲ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បងប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បងប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បងប្អូន​នោះ​ដែរ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។ ប្រសិន​បើ​បងប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​មុខ​តែ​មាន​ជីវិត ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា! គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។ ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុងរឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 8:1-17