រ៉ូម 7:14-24

រ៉ូម 7:14-24 គខប

យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប ដ្បិត​ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ កិច្ចការ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ រីឯ​កិច្ចការ​ណា​ដែល​ខ្ញុំ​ស្អប់ ខ្ញុំ​បែរ​ជា​ធ្វើ​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា ខ្ញុំ​យល់​ស្រប​នឹង​វិន័យ ហើយ​ទទួល​ស្គាល់​ថា ក្រឹត្យ‌វិន័យ​ពិត​ជា​ល្អ​មែន។ ដូច្នេះ មិន​មែន​ខ្ញុំ​ទេ​ដែល​ប្រព្រឹត្ត​កិច្ចការ​នោះ គឺ​បាប​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត ដ្បិត​ខ្ញុំ​ដឹង​ថា អ្វីៗ​ដែល​ល្អ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ទេ ពោល​គឺ​មិន​ស្ថិត​នៅ​ក្នុង​ខ្ញុំ​ដែល​មាន​និស្ស័យ​លោកីយ៍​ទេ។ ខ្ញុំ​មាន​ឆន្ទៈ​នឹង​ធ្វើ​អំពើ​ល្អ តែ​ខ្ញុំ​គ្មាន​សមត្ថ‌ភាព​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។ ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ទៅ​វិញ។ ប្រសិន​បើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ណា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ បាន​សេចក្ដី​ថា មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​បាប​ស្ថិត​នៅ​ក្នុង​ខ្ញុំ​វិញ​ទេ​តើ ដែល​ប្រព្រឹត្ត។ ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោល‌ការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថ‌ភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​ របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន?