រ៉ូម 3:19-31

រ៉ូម 3:19-31 គខប

យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។ ឥឡូវ​នេះ ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ដឹង​អំពី​របៀប​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ព្រះអង្គ​មិន​គិត​ពី​ក្រឹត្យ‌វិន័យ*​ទេ ដូច​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* បាន​បញ្ជាក់​ទុក​ស្រាប់។ ព្រះ‌ជា‌ម្ចាស់​ប្រោស​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រិស្ត​ឲ្យ​សុចរិត គឺ​ព្រះអង្គ​ធ្វើ​ដូច្នេះ​ចំពោះ​អស់​អ្នក​ដែល​ជឿ។ មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ត្រង់​ណា​ឡើយ គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​ របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​ ។ ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ឲ្យ​ព្រះ‌យេស៊ូ​ធ្វើ​ជា​យញ្ញ‌បូជា សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ព្រះអង្គ​បង្ហាញ​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត គឺ​ពី​ដើម ព្រះអង្គ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ត​អំពើ​បាប ក្នុង​គ្រា​ដែល​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដល់​គេ​នោះ​ទេ។ ឥឡូវ​នេះ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដើម្បី​សម្តែង​ថា​ព្រះអង្គ​សុចរិត ហើយ​ព្រះអង្គ​ប្រោស​អ្នក​ដែល​ជឿ​លើ​ព្រះ‌យេស៊ូ​ឲ្យ​សុចរិត​ផង​ដែរ។ ដូច្នេះ តើ​មនុស្ស​អាច​មាន​មូល​ហេតុ​អ្វី​អួត‌អាង​ខ្លួន​បាន? គ្មាន​ទាល់​តែ​សោះ! តើ​គេ​យក​អ្វី​ជា​ទី​ពឹង? ពឹង​លើ​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឬ? ទេ គឺ​ពឹង​ផ្អែក​លើ​ជំនឿ​វិញ ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​ជា​ព្រះ​របស់​សាសន៍​យូដា​តែ​ប៉ុណ្ណោះ! តើ​ព្រះអង្គ​មិន​មែន​ជា​ព្រះ​របស់​សាសន៍​ដទៃ​ផង​ដែរ​ទេ​ឬ? មែន! ព្រះអង្គ​ក៏​ជា​ព្រះ​របស់​សាសន៍​ដទៃ​ដែរ។ មាន​ព្រះ‌ជា‌ម្ចាស់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ប្រោស​សាសន៍​យូដា​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ ហើយ​ក៏​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ​គេ​មាន​ជំនឿ​ដែរ។ ដូច្នេះ តើ​មាន​ន័យ​ថា យើង​យក​ជំនឿ​មក​លុប​បំបាត់​ក្រឹត្យ‌វិន័យ​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​យើង​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​រឹត​តែ​មាន​តម្លៃ​ថែម​ទៀត។

វីដេអូសម្រាប់ រ៉ូម 3:19-31