អស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយមិនស្គាល់ក្រឹត្យវិន័យ*របស់លោកម៉ូសេ នឹងត្រូវវិនាសទាំងគ្មានក្រឹត្យវិន័យ។ រីឯអស់អ្នកដែលប្រព្រឹត្តអំពើបាប ដោយស្គាល់ក្រឹត្យវិន័យ គេនឹងត្រូវទទួលទោសស្របតាមក្រឹត្យវិន័យដែរ ដ្បិតមិនមែនអ្នកឮក្រឹត្យវិន័យប៉ុណ្ណោះទេ ដែលបានសុចរិត*នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គឺអ្នកប្រតិបត្តិតាមគម្ពីរវិន័យវិញឯណោះ ដែលព្រះអង្គប្រោសឲ្យសុចរិត។ ពេលសាសន៍ដទៃដែលពុំស្គាល់ក្រឹត្យវិន័យ នាំគ្នាប្រតិបត្តិតាមសេចក្ដីដែលក្រឹត្យវិន័យចែងទុកដោយមិនដឹងខ្លួន គឺខ្លួនគេនោះហើយជាក្រឹត្យវិន័យ ទោះបីគេមិនស្គាល់ក្រឹត្យវិន័យក៏ដោយ។ ត្រង់នេះ គេបង្ហាញឲ្យឃើញថា កិច្ចការដែលគម្ពីរវិន័យចែងទុកឲ្យធ្វើនោះ មានចារឹកនៅក្នុងដួងចិត្តរបស់គេស្រាប់ហើយ។ មនសិការរបស់គេ ព្រមទាំងការរិះគិតរបស់គេ ដែលនាំឲ្យមានការចោទប្រកាន់ខ្លួន ឬដោះសាខ្លួន ក៏ផ្ដល់សក្ខីភាពអំពីការនេះដែរ។ ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក គឺព្រះអង្គនឹងវិនិច្ឆ័យ តាមរយៈព្រះគ្រិស្តយេស៊ូ នូវអំពើដែលគេប្រព្រឹត្តដោយលាក់កំបាំង ស្របតាមដំណឹងល្អ*ដែលខ្ញុំផ្សព្វផ្សាយ។ ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដា អ្នកពឹងផ្អែកលើក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងព្រះជាម្ចាស់ អ្នកស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ និងបានទទួលការអប់រំពីក្រឹត្យវិន័យ* ឲ្យចេះរិះគិតពិចារណាមើលថា ការណាសំខាន់ជាងគេ អ្នកជឿជាក់ថាខ្លួនជាអ្នកណែនាំមនុស្សខ្វាក់ ជាពន្លឺបំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត ជាគ្រូអប់រំមនុស្សល្ងង់ ជាគ្រូបង្រៀនមនុស្សតូចតាច ព្រោះអ្នកជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់ និងសេចក្ដីពិត សុទ្ធតែមានចែងនៅក្នុងក្រឹត្យវិន័យទាំងអស់។ អ្នកប្រៀនប្រដៅគេ ម្ដេចក៏អ្នកមិនប្រដៅខ្លួនឯងផង! អ្នកហាមគេមិនឲ្យលួច តែខ្លួនឯងក៏លួចគេដែរ! អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! អ្នកអួតអាងលើក្រឹត្យវិន័យ តែអ្នកបែរជាបង្អាប់កិត្តិយសព្រះជាម្ចាស់ ដោយប្រព្រឹត្តល្មើសក្រឹត្យវិន័យ ដូចមានចែងទុកមកថា «ព្រោះតែអ្នករាល់គ្នាបានជាសាសន៍ដទៃប្រមាថព្រះនាមរបស់ព្រះជាម្ចាស់» ។ ការកាត់ស្បែក*មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្តិតាមក្រឹត្យវិន័យ ប៉ុន្តែ បើអ្នកប្រព្រឹត្តល្មើសក្រឹត្យវិន័យ ការកាត់ស្បែករបស់អ្នកទុកដូចជាមិនកាត់ទៅវិញ។ ប្រសិនបើមនុស្សមិនកាត់ស្បែកកាន់តាមបទបញ្ជារបស់ក្រឹត្យវិន័យ ព្រះជាម្ចាស់ក៏ចាត់ទុកគេដូចជាបានកាត់ស្បែកដែរ!។ ជនដែលមិនកាត់ស្បែកផ្នែកខាងរូបកាយ តែប្រតិបត្តិតាមក្រឹត្យវិន័យ គេមុខជាដាក់ទោសអ្នកមិនខាន ព្រោះអ្នកមានវិន័យសរសេរជាលាយលក្ខណ៍អក្សរ ហើយបានទទួលពិធីកាត់ស្បែក តែអ្នកបែរជាប្រព្រឹត្តល្មើសក្រឹត្យវិន័យ។ សាសន៍យូដាដ៏ពិតប្រាកដមិនស្ថិតនៅត្រង់សំបកក្រៅទេ រីឯការកាត់ស្បែកដ៏ពិតប្រាកដ ក៏មិនស្ថិតនៅត្រង់សញ្ញាលើរូបកាយនោះដែរ សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
អាន រ៉ូម 2
ស្ដាប់នូវ រ៉ូម 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 2:12-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ