រ៉ូម 12:9-21

រ៉ូម 12:9-21 គខប

ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។ ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។ ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។ ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សំរុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ​ ។ ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ” ។ ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”» ។ មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង រ៉ូម 12:9-21