រ៉ូម 11:11-24

រ៉ូម 11:11-24 គខប

ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ​បាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត? ខ្ញុំ​សូម​ជម្រាប​បងប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក*​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​របស់​ខ្ញុំ​ឲ្យ​ល្អ​ប្រសើរ ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​រួម​ឈាម​របស់​ខ្ញុំ​ច្រណែន ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។ ដោយ​សាសន៍​អ៊ីស្រា‌អែល​ដាច់​ចេញ​ពី​ព្រះអង្គ​ទៅ ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះអង្គ​វិញ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះអង្គ​ទទួល​គេ​សា​ជា​ថ្មី តើ​នឹង​កើត​មាន​យ៉ាង​ណា​ទៅ​ទៀត? គឺ​ប្រាកដ​ជា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពុំ‌ខាន! ប្រសិន​បើ​យើង​យក​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ម្សៅ​នំប៉័ង​ទាំង​មូល​ក៏​ជា​របស់​ព្រះអង្គ​ដែរ ហើយ​ប្រសិន​បើ​ឫស​ជា​របស់​ព្រះ‌ជា‌ម្ចាស់ មែក​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ សាសន៍​អ៊ីស្រា‌អែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ ដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជី‌ជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! អ្នក​ប្រហែល​ជា​ពោល​ថា “ព្រះ‌ជា‌ម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។ មែន​ហើយ! ព្រះអង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ​ត្រូវ​ភ័យ​ខ្លាច​វិញ។ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ពុំ​ទុក​មែក​ពី​កំណើត​ទេ ព្រះអង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។ ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ប្រិត‌ប្រៀប​របស់​ព្រះ‌ជា‌ម្ចាស់​ទៅ។ ព្រះអង្គ​ប្រិត‌ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។ ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជា‌ម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។ រីឯ​អ្នក បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះអង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​វិញ ព្រះអង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។