ដូច្នេះ ខ្ញុំសូមសួរថា សាសន៍យូដាដែលជំពប់ដួល តើគេត្រូវដួលរហូតឬ? ទេ គេមិនដួលរហូតទេ! គឺកំហុសរបស់ពួកគេបាននាំឲ្យសាសន៍ដទៃទទួលការសង្គ្រោះ ធ្វើឲ្យពួកគេមានចិត្តច្រណែន។ ប្រសិនបើកំហុសរបស់សាសន៍យូដានាំឲ្យពិភពលោកទទួលព្រះពរដ៏លើសលុប ហើយការចុះអន់ថយរបស់គេនាំឲ្យសាសន៍ដទៃទទួលព្រះពរដ៏លើសលុបយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេបានចម្រើនឡើងយ៉ាងពោរពេញវិញនោះ តើព្រះពរនឹងមានកាន់តែច្រើនលើសលុបយ៉ាងណាទៅទៀត? ខ្ញុំសូមជម្រាបបងប្អូនជាសាសន៍ដទៃ ក្នុងនាមខ្ញុំជាសាវ័ក*សម្រាប់សាសន៍ដទៃថា ខ្ញុំយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្ញុំឲ្យល្អប្រសើរ ក្នុងគោលបំណងឲ្យបងប្អូនរួមឈាមរបស់ខ្ញុំច្រណែន ដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ ដោយសាសន៍អ៊ីស្រាអែលដាច់ចេញពីព្រះអង្គទៅ ធ្វើឲ្យមនុស្សលោកបានជានានឹងព្រះអង្គវិញយ៉ាងនេះទៅហើយ ចុះចំណង់បើព្រះអង្គទទួលគេសាជាថ្មី តើនឹងកើតមានយ៉ាងណាទៅទៀត? គឺប្រាកដជាមនុស្សស្លាប់នឹងរស់ឡើងវិញពុំខាន! ប្រសិនបើយើងយកផលដំបូងថ្វាយព្រះជាម្ចាស់ ម្សៅនំប៉័ងទាំងមូលក៏ជារបស់ព្រះអង្គដែរ ហើយប្រសិនបើឫសជារបស់ព្រះជាម្ចាស់ មែកក៏ជារបស់ព្រះអង្គដែរ។ សាសន៍អ៊ីស្រាអែលប្រៀបបីដូចជាដើមអូលីវ ដែលគេកាត់មែកខ្លះចោល រីឯអ្នកវិញ អ្នកប្រៀបបីដូចជាមែកអូលីវព្រៃ ត្រូវគេយកមកផ្សាំជំនួសមែក ដែលគេកាត់ចោលនោះ។ ឥឡូវនេះ អ្នកស្រូបយកជីជាតិពីឫសរួមជាមួយមែកឯទៀតៗដែរ ដូច្នេះ អ្នកមិនត្រូវអួតខ្លួន ដោយមើលងាយមែកដែលគេកាត់ចោលនោះឡើយ។ បើអ្នកចង់អួតខ្លួន តោងដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! អ្នកប្រហែលជាពោលថា “ព្រះជាម្ចាស់បានកាត់មែកទាំងនោះចោល ដើម្បីយកខ្ញុំមកផ្សាំជំនួស!”។ មែនហើយ! ព្រះអង្គកាត់មែកទាំងនោះចោល មកពីមែកទាំងនោះគ្មានជំនឿ រីឯអ្នកវិញ អ្នកនៅជាប់នឹងដើមមកពីអ្នកមានជំនឿ។ ដូច្នេះ កុំលើកខ្លួនសោះឡើយត្រូវភ័យខ្លាចវិញ។ ប្រសិនបើព្រះជាម្ចាស់ពុំទុកមែកពីកំណើតទេ ព្រះអង្គមុខជាពុំទុកអ្នកដែរ។ ដូច្នេះ សូមគិតពិចារណាអំពីព្រះហឫទ័យសប្បុរស និងព្រះហឫទ័យប្រិតប្រៀបរបស់ព្រះជាម្ចាស់ទៅ។ ព្រះអង្គប្រិតប្រៀបចំពោះអស់អ្នកដែលដួល ហើយព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះអ្នក លុះត្រាណាអ្នកនៅតែពឹងផ្អែកលើព្រះហឫទ័យសប្បុរសនេះ។ បើមិនដូច្នោះទេ ព្រះអង្គនឹងកាត់អ្នកចោលដែរ។ ចំពោះពួកគេ ប្រសិនបើគេបោះបង់ចិត្តមិនជឿនោះចោល ព្រះជាម្ចាស់មុខតែផ្សាំគេវិញជាមិនខាន ដ្បិតព្រះអង្គមានឫទ្ធានុភាពអាចនឹងផ្សាំពួកគេសាជាថ្មីបាន។ រីឯអ្នក បើអ្នកមានកំណើតពីដើមអូលីវព្រៃ ហើយត្រូវព្រះអង្គកាត់យកមកផ្សាំនឹងដើមអូលីវស្រុក ដែលមិនមែនជាដើមពីកំណើតរបស់អ្នកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើពួកគេវិញ ព្រះអង្គនឹងយកគេមកផ្សាំជាប់នឹងដើមពីកំណើតរបស់ខ្លួនវិញ រឹតតែងាយជាងនេះយ៉ាងណាទៅទៀត។
អាន រ៉ូម 11
ស្ដាប់នូវ រ៉ូម 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 11:11-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ