រ៉ូម 1:18-32

រ៉ូម 1:18-32 គខប

ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។ គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះ‌បង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើប‌ស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស រវាង​ប្រុស​និង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។ ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់ មាន​ចិត្ត​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។ ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។