ខ្ញុំ ប៉ូល ជាអ្នកបម្រើ របស់ព្រះគ្រិស្តយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។ ដំណឹងល្អនេះ ព្រះជាម្ចាស់បានសន្យាទុកជាមុនក្នុងព្រះគម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះអង្គ ស្ដីអំពីព្រះបុត្រារបស់ព្រះអង្គ។ បើគិតតាមមនុស្ស ព្រះបុត្រាប្រសូតមកក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌ តែបើគិតតាមព្រះវិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះជាម្ចាស់បានតែងតាំងព្រះអង្គ ជាព្រះបុត្រាប្រកបដោយឫទ្ធានុភាព ដោយប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។ តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ត យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។ បងប្អូនដែលព្រះយេស៊ូគ្រិស្តបានត្រាស់ហៅ ក៏នៅក្នុងចំណោមជាតិសាសន៍ទាំងនោះដែរ។ សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលព្រះជាម្ចាស់ស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏វិសុទ្ធ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្តជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ ជាបឋម ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំ តាមរយៈព្រះយេស៊ូគ្រិស្ត* ព្រោះតែបងប្អូនទាំងអស់គ្នា ដ្បិតគេតំណាលអំពីជំនឿរបស់បងប្អូនក្នុងសកលលោកទាំងមូល។ ព្រះជាម្ចាស់ដែលខ្ញុំគោរពបម្រើយ៉ាងស្មោះដោយប្រកាសដំណឹងល្អ*អំពីព្រះបុត្រារបស់ព្រះអង្គ ព្រះអង្គធ្វើជាសាក្សីស្រាប់ហើយថា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច គ្រប់ពេលខ្ញុំអធិស្ឋាន* សូមព្រះអង្គប្រទានឲ្យខ្ញុំមានឱកាសមកសួរសុខទុក្ខបងប្អូន បើព្រះអង្គសព្វព្រះហឫទ័យ។ ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកព្រះអំណោយទានណាមួយរបស់ព្រះវិញ្ញាណជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង គឺថា ពេលយើងនៅជាមួយគ្នា យើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយជំនឿដែលយើងមានរួមគ្នា ទាំងបងប្អូនទាំងខ្ញុំ។ បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនបានជ្រាបយ៉ាងច្បាស់ថា ខ្ញុំមានគម្រោងការចង់មកជួបបងប្អូនច្រើនលើកច្រើនសាហើយ ដើម្បីទទួលផលខ្លះក្នុងចំណោមបងប្អូន ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ឯទៀតៗដែរ ក៏ប៉ុន្តែ មកទល់ពេលនេះ ខ្ញុំចេះតែខកខានមិនបានមក។ ខ្ញុំត្រូវតែបំពេញកិច្ចការក្នុងចំណោមសាសន៍ក្រិក និងក្នុងចំណោមសាសន៍ដទៃទៀត ក្នុងចំណោមអ្នកប្រាជ្ញ និងក្នុងចំណោមអ្នកល្ងង់។ ដូច្នេះ ខ្ញុំក៏មានបំណងនាំដំណឹងល្អមកជូនបងប្អូននៅក្រុងរ៉ូមនេះដែរ
អាន រ៉ូម 1
ស្ដាប់នូវ រ៉ូម 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 1:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ