វិវរណៈ 20:11-15

វិវរណៈ 20:11-15 គខប

បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។ ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។ សមុទ្រ​បាន​ប្រគល់​មនុស្ស​ស្លាប់​ដែល​នៅ​ក្នុង​ទឹក​មក​វិញ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់ ដែល​នៅ​ទី​នោះ​មក​វិញ​ដែរ ហើយ​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ សេចក្ដី​ស្លាប់ និង​ស្ថាន​មច្ចុរាជ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង។ បឹង​ភ្លើង​នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។ អស់​អ្នក​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត ក៏​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​ដែរ។