វិវរណៈ 2:1-7

វិវរណៈ 2:1-7 គខប

«ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ នៅ​ក្រុង​អេភេសូ​ដូច​ត​ទៅ៖ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ‌ពីរ​នៅ​ព្រះ‌ហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​សាវ័ក* ហើយ​ឃើញ​ថា​ពួក​នោះ​មិន​មែន​ជា​សាវ័ក​ទេ គឺ​ជា​អ្នក​កុហក។ អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់​ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។ ប៉ុន្តែ យើង​សរសើរ​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​ស្អប់​អំពើ​ដែល​ពួក​នីកូ‌ឡាស​ ប្រព្រឹត្ដ យើង​ក៏​ស្អប់​អំពើ​ទាំង​នោះ​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ក្រុម‌ជំនុំ*​ទាំង​នេះ​ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឲ្យ​អ្នក​នោះ​បរិភោគ​ផ្លែ​ឈើ ដែល​បេះ​ពី​ដើម​នៃ​ជីវិត នៅ​ក្នុង​សួន​ឧទ្យាន​ របស់​ព្រះ‌ជា‌ម្ចាស់”»។