ទេវតាទីបួនយកពែងរបស់ខ្លួនចាក់ទៅលើព្រះអាទិត្យ ស្រាប់តែព្រះអាទិត្យទទួលអំណាចធ្វើឲ្យមនុស្សក្ដៅក្រហល់ក្រហាយ។ មនុស្សម្នាត្រូវរលាកដោយកម្ដៅថ្ងៃយ៉ាងខ្លាំង គេនាំគ្នាជេរប្រមាថព្រះនាមព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនេះ តែគេពុំបានកែប្រែចិត្តគំនិត ហើយពុំព្រមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឡើយ។ ទេវតាទីប្រាំយកពែងរបស់ខ្លួនចាក់ទៅលើបល្ល័ង្ករបស់សត្វតិរច្ឆាន ស្រាប់តែអាណាចក្ររបស់វាប្រែទៅជាងងឹតសូន្យ មនុស្សម្នានាំគ្នាខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងពេក។ គេនាំគ្នាជេរប្រមាថព្រះជាម្ចាស់នៃស្ថានបរមសុខ* ព្រោះតែឈឺចុកចាប់ និងកើតដំបៅពេញខ្លួន។ ប៉ុណ្ណឹងហើយ ពួកគេនៅតែមិនកែប្រែចិត្តគំនិត លះបង់អំពើដែលខ្លួនធ្លាប់ប្រព្រឹត្តនោះឡើយ។ ទេវតាទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។ ខ្ញុំឃើញវិញ្ញាណអាក្រក់បី ដែលមានរូបរាងដូចកង្កែបមួយចេញពីមាត់នាគ មួយចេញពីមាត់សត្វតិរច្ឆាន និងមួយទៀតចេញពីមាត់ព្យាការីក្លែងក្លាយ គឺជាវិញ្ញាណរបស់ពួកអារក្ស។ វាសម្តែងទីសម្គាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ («មើល៍! យើងនឹងមកដូចចោរចូលលួច។ អ្នកណាប្រុងស្មារតី ហើយមានសម្លៀកបំពាក់បិទបាំងកាយ ឥតនៅអាក្រាតឲ្យគេឃើញកេរខ្មាស អ្នកនោះពិតជាមានសុភមង្គល*ហើយ!»)។ វិញ្ញាណអាក្រក់នឹងប្រមូលស្ដេចទាំងនោះឲ្យមកជួបជុំគ្នានៅកន្លែងមួយ ដែលមានឈ្មោះជាភាសាហេប្រឺថា «អើម៉ាគេដូន»។ ទេវតាទីប្រាំពីរយកពែងរបស់ខ្លួនចាក់ទៅលើអាកាស ស្រាប់តែមានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងចេញពីបល្ល័ង្កក្នុងព្រះវិហារ*ថា៖ «រួចរាល់ស្រេចអស់ហើយ!»។ ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។ មហានគរនោះបានបែកជាបី រីឯក្រុងនានារបស់ជាតិសាសន៍ទាំងប៉ុន្មានបានរលំអស់ ពេលនោះ ព្រះជាម្ចាស់បាននឹកដល់មហានគរបាប៊ីឡូន ព្រះអង្គបានឲ្យក្រុងនេះផឹកស្រាពីពែងនៃព្រះពិរោធដ៏ខ្លាំងបំផុតរបស់ព្រះអង្គ ។ កោះទាំងប៉ុន្មាននឹងរសាត់បាត់អស់ទៅ ហើយភ្នំទាំងឡាយក៏លែងមានទៀតដែរ។ ពេលនោះ មានព្រឹលធ្លាក់មកយ៉ាងខ្លាំង គ្រាប់ព្រឹលនីមួយៗមានទម្ងន់ប្រមាណជាងមួយចុង ធ្លាក់ចុះពីលើមេឃមកលើមនុស្សលោក។ គេក៏នាំគ្នាជេរប្រមាថព្រះជាម្ចាស់ ព្រោះតែគ្រោះកាចដែលកើតមានពីព្រឹលនោះ ជាគ្រោះកាចដ៏ខ្លាំងបំផុត។
អាន វិវរណៈ 16
ស្ដាប់នូវ វិវរណៈ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 16:8-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ