វិវរណៈ 12:1-9

វិវរណៈ 12:1-9 គខប

ពេល​នោះ មាន​ទី​សម្គាល់​មួយ​យ៉ាង​ធំ​លេច​ចេញ​មក នៅ​លើ​មេឃ គឺ​មាន​ស្ត្រី​មួយ​រូប​ស្លៀក​ពាក់​ព្រះ‌អាទិត្យ​បិទ‌បាំង​កាយ មាន​ព្រះ‌ច័ន្ទ​នៅ​ក្រោម​ជើង ព្រម​ទាំង​មាន​ពាក់​ផ្កាយ​ដប់‌ពីរ​ជា​មកុដ​នៅ​លើ​ក្បាល​ផង។ ស្ត្រី​នោះ​មាន​ផ្ទៃ​ពោះ ហើយ​កំពុង​ស្រែក​ឈឺ​ចុក​ចាប់ ហៀប​នឹង​សម្រាល​បុត្រ។ មាន​ទី​សម្គាល់​មួយ​ទៀត​លេច​ចេញ​មក​នៅ​លើ​មេឃ​ដែរ គឺ​មាន​នាគ​មួយ​យ៉ាង​ធំ សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ​ដូច​ភ្លើង។ នាគ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ‌ពីរ​របស់​វា​មាន​មកុដ​ប្រាំ‌ពីរ​ដែរ។ កន្ទុយ​វា​កៀរ​ប្រមូល​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​ទម្លាក់​មក​ផែនដី។ នាគ​មក​ពេន​នៅ​មុខ​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​បុត្រ ចាំ​ត្របាក់​លេប​បុត្រ នៅ​ពេល​បុត្រ​នោះ​កើត​មក។ នាង​សម្រាល​បាន​បុត្រ​មួយ​ដែល​ត្រូវ​កាន់​ ដំបង​ដែក ដឹក​នាំ​ជាតិ​សាសន៍​ទាំង​អស់ ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ឆក់​យក​បុត្រ​នោះ​ឡើង​ទៅ​ជា​មួយ​ព្រះអង្គ គឺ​នៅ​ជិត​បល្ល័ង្ក​របស់​ព្រះអង្គ។ រីឯ​ស្ត្រី​វិញ នាង​រត់​ភៀស​ខ្លួន​ទៅ​នៅ​វាល​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក ដើម្បី​ឲ្យ​គេ​ទំនុក​បម្រុង​នាង​ក្នុង​អំឡុង​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ។ ពេល​នោះ ក៏​មាន​ចម្បាំង​ផ្ទុះ​ឡើង នៅ​លើ​មេឃ គឺ​មហា​ទេវតា​មីកែល និង​ពួក​ទេវតា​របស់​លោក​នាំ​គ្នា​ច្បាំង​នឹង​នាគ ហើយ​នាគ​រួម​ជា​មួយ​ពួក​បរិវារ​វា​ក៏​ច្បាំង​តទល់​វិញ​ដែរ ក៏​ប៉ុន្តែ វា​ច្បាំង​មិន​ឈ្នះ ហើយ​រក​កន្លែង​ស្នាក់​នៅ​លើ​មេឃ​មិន​បាន​ទៀត​ឡើយ។ នាគ​ធំ​នោះ​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង​ជា​ពស់​ពី​បុរាណ ឈ្មោះ​មារ* ឬ​សាតាំង ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។