ទំនុកតម្កើង 97

97
ព្រះ‌អម្ចាស់​គ្រង​រាជ្យ
1 ព្រះ‌អម្ចាស់​គ្រង​រាជ្យ!
ចូរ​ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង!
ចូរ​ឲ្យ​កោះ​ទាំង‌ឡាយ​មាន​អំណរ​សប្បាយ!
2មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះអង្គ
ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។
3មាន​ភ្លើង​ឆេះ​នៅ​ខាង​មុខ​ព្រះអង្គ
បំផ្លាញ​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ។
4ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ជះ​ពន្លឺ
មក​លើ​ពិភព​លោក
ផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់‌ញ័រ​ជា​ខ្លាំង។
5ភ្នំ​នានា​រលាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដូច​ជា​ក្រមួន​ត្រូវ​ថ្ងៃ
គឺ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
នៃ​ផែនដី​ទាំង​មូល។
6ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ហើយ​ប្រជា‌រាស្ត្រ​ទាំង​អស់
នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ។
7អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
ហើយ​អួត‌អាង​ក្នុង​ការ​គោរព​បម្រើ
ព្រះ​ឥត​បាន​ការ នឹង​ត្រូវ​អាម៉ាស់!។
ព្រះ​ទាំង‌ឡាយ​អើយ
ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ។
8ឱ​ព្រះ‌អម្ចាស់​អើយ
ពេល​អ្នក​ក្រុង​ស៊ីយ៉ូន​ឮ​ដំណឹង​ថា
ព្រះអង្គ​វិនិច្ឆ័យ​ទោស​ដូច្នេះ
គេ​នឹង​មាន​អំណរ​រីក‌រាយ
ហើយ​អ្នក​ក្រុង​នានា​នៅ​ស្រុក​យូដា
ក៏​ត្រេក​អរ​សប្បាយ​យ៉ាង​ខ្លាំង​ដែរ
9ឱ​ព្រះ‌អម្ចាស់​អើយ
មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់
នៅ​លើ​ផែនដី​ទាំង​មូល
ព្រះអង្គ​ប្រសើរ​បំផុត​លើស​ព្រះ​នានា​ទាំង​អស់។
10អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​អើយ
ចូរ​ស្អប់​អំពើ​អាក្រក់!
ព្រះអង្គ​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក
ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
ព្រះអង្គ​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់។
11មាន​ពន្លឺ​បំភ្លឺ​មនុស្ស​សុចរិត
ហើយ​មនុស្ស​ដែល​មាន​ចិត្ត​ទៀង​ត្រង់
នឹង​មាន​អំណរ​សប្បាយ។
12មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ
ចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ!
ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 97: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល