ទំនុកតម្កើង 96:1-13

ទំនុកតម្កើង 96:1-13 គខប

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់! មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​អស្ចារ្យ​របស់​ព្រះអង្គ! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច ចាំង​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ពោរ‌ពេញ ទៅ​ដោយ​ឫទ្ធិ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ចូរ​លើក​តម្កើង​សិរី‌រុងរឿង ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ចុះ! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ ពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ ព្រះ‌អម្ចាស់​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌។ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​យាង​មក​ហើយ ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដី ព្រះអង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ព្រះអង្គ​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។