ទំនុកតម្កើង 95:1-11

ទំនុកតម្កើង 95:1-11 គខប

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។ ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។ ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។ សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។ ចូរ​នាំ​គ្នា​មក យើង​នឹង​ឱន​កាយ​ថ្វាយ‌បង្គំ​ព្រះអង្គ ចូរ​យើង​ក្រាប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដែល​បាន​បង្កើត​យើង​មក ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​កាល​បះ‌បោរ​នៅ​មេរី‌បា ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ គឺ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង គេ​សាក​មើល​យើង ទោះ​បី​គេ​បាន​ឃើញ​កិច្ចការ ដែល​យើង​ធ្វើ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ មនុស្ស​នៅ​ជំនាន់​នោះ បាន​ធ្វើ​ឲ្យ​យើង​ឆ្អែត​ចិត្ត​ជា​ខ្លាំង ហើយ​យើង​បាន​ពោល​ថា: ពួក​នេះ​ជា​ប្រជា‌ជន​ដែល​មាន​ចិត្ត​វង្វេង គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ។ ហេតុ​នេះ យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក ជា​មួយ​យើង​ជា​ដាច់​ខាត!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 95:1-11