ទំនុកតម្កើង 90
90
ភាគទីបួន
(ទំនុកតម្កើង ៩០-១០៦)
មនុស្សលោកតែងតែស្លាប់ តែព្រះជាម្ចាស់គង់នៅរហូត
ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់។
1ឱព្រះអម្ចាស់អើយ
ព្រះអង្គធ្លាប់ធ្វើជាជម្រករបស់យើងខ្ញុំ
ពីជំនាន់មួយទៅជំនាន់មួយ។
2មុនពេលភ្នំនានាកកើតឡើង
ហើយមុនពេលព្រះអង្គបង្កើតផែនដី
និងពិភពលោកមកនោះ
ព្រះអង្គជាព្រះជាម្ចាស់តាំងពីអស់កល្បរៀងមក។
3ព្រះអង្គបានធ្វើឲ្យមនុស្សលោក
វិលត្រឡប់ទៅជាធូលីដីវិញ
គឺព្រះអង្គមានព្រះបន្ទូលថា
«ពូជពង្សរបស់អដាំអើយ ចូរវិលទៅវិញទៅ!»
4 ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ
ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ
ឬដូចមួយយាមក្នុងពេលយប់។
5ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក
គឺជីវិតរបស់គេប្រៀបបាន
នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។
ជីវិតរបស់គេប្រៀបបីដូចជាស្មៅ
6នៅពេលព្រឹក វាដុះចេញមក
ហើយលូតលាស់ឡើង
នៅពេលល្ងាច វាស្រពោន
ហើយក្រៀមស្ងួតអស់ទៅ។
7យើងខ្ញុំត្រូវវិនាស
ដោយសារព្រះពិរោធរបស់ព្រះអង្គ
ហើយយើងខ្ញុំញ័ររន្ធត់
ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។
8ព្រះអង្គយកកំហុសរបស់យើងខ្ញុំ
មកលាតត្រដាងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ហើយពន្លឺរបស់ព្រះអង្គ
ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន
ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
9ដោយសារព្រះអង្គដាក់ទោសយើងខ្ញុំ
ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ
ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។
10អាយុជីវិតរបស់យើងខ្ញុំបានត្រឹមតែចិតសិបឆ្នាំ
ប៉ុណ្ណោះ អ្នកមាំមួនជាងគេរស់បានប៉ែតសិបឆ្នាំ
ប៉ុន្តែ ក្នុងរយៈពេលដែលយើងខ្ញុំរស់នោះ
យើងខ្ញុំតែងតែខ្វល់ខ្វាយ
និងមានទុក្ខលំបាកជាច្រើន
អាយុជីវិតយើងខ្ញុំឈានទៅមុខយ៉ាងលឿន
បោះពួយទៅរកសេចក្ដីស្លាប់។
11តើនរណាអាចស្គាល់កម្លាំង
នៃព្រះពិរោធរបស់ព្រះអង្គបាន?
តើនរណាអាចស្គាល់ព្រះពិរោធនេះ
ដើម្បីគោរពកោតខ្លាច
ព្រះអង្គយ៉ាងត្រឹមត្រូវបាន?
12សូមណែនាំយើងខ្ញុំឲ្យដឹងច្បាស់ថា
អាយុជីវិតយើងខ្ញុំកំណត់ត្រឹមណា
ដើម្បីឲ្យចិត្តយើងខ្ញុំចេះរិះគិត
ប្រកបដោយប្រាជ្ញា។
13 ព្រះអម្ចាស់អើយ
សូមយាងមកវិញ
តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត
សូមអាណិតមេត្តាយើងខ្ញុំ
ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
14សូមសម្តែងព្រះហឫទ័យមេត្តាករុណា
ដ៏លើសលុបចំពោះយើងខ្ញុំតាំងពីព្រលឹម
នោះយើងខ្ញុំនឹងមានអំណរសប្បាយរីករាយ
អស់មួយជីវិត។
15ព្រះអង្គបានធ្វើឲ្យយើងខ្ញុំកើតទុក្ខ
អស់រយៈពេលយ៉ាងយូរ
ហើយយើងខ្ញុំវេទនាជាច្រើនឆ្នាំយ៉ាងណា
សូមប្រោសប្រទានឲ្យយើងខ្ញុំ
មានអំណរសប្បាយយ៉ាងនោះដែរ។
16សូមសម្តែងឲ្យយើងខ្ញុំបានឃើញ
ស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយសម្តែងឲ្យកូនចៅយើងខ្ញុំ
បានឃើញភាពថ្កុំថ្កើងរបស់ព្រះអង្គផង។
17ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ
សូមសម្តែងសេចក្ដីស្រឡាញ់ចំពោះយើងខ្ញុំផង
សូមជួយឲ្យកិច្ចការដែលយើងខ្ញុំធ្វើបានខ្ជាប់ខ្ជួន
ពិតមែនហើយ
សូមជួយឲ្យកិច្ចការរបស់យើងខ្ញុំ
បានខ្ជាប់ខ្ជួនរហូតតទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 90: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.