ទំនុកតម្កើង 9
9
ព្រះអម្ចាស់ជាព្រះសង្គ្រោះរបស់ជនទុគ៌ត និងអ្នកដែលត្រូវគេជិះជាន់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ តាមលំនាំបទកូនប្រុសស្លាប់។ ទំនុករបស់ស្ដេចដាវីឌ។
1ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត
ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ
ដែលព្រះអង្គបានធ្វើ
2ទូលបង្គំនឹងរីករាយដោយសារព្រះអង្គ
ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង
បពិត្រព្រះដ៏ខ្ពង់ខ្ពស់បំផុត
ទូលបង្គំច្រៀងលើកតម្កើងព្រះនាមព្រះអង្គ!។
3ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ
ហើយជំពប់ជើងដួលវិនាស
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
4ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំ
គឺឲ្យគេឃើញថាទូលបង្គំសុចរិត
ព្រះអង្គគង់នៅលើបល្ល័ង្ក
ក្នុងឋានៈជាចៅក្រមដ៏សុចរិត។
5ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា
ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ
ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច
រហូតតទៅ។
6ខ្មាំងសត្រូវវិនាសអន្តរាយអស់កល្បជានិច្ច!
រីឯក្រុងនានារបស់គេ
ព្រះអង្គបានរំលាយអស់ហើយ
គ្មាននរណានឹកឃើញទៀតទេ។
7 ព្រះអម្ចាស់គ្រងរាជ្យរហូតតរៀងទៅ
ព្រះអង្គឡើងគង់នៅលើបល្ល័ង្ក
ដើម្បីវិនិច្ឆ័យទោស។
8ព្រះអង្គគ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត
ព្រះអង្គវិនិច្ឆ័យទោសប្រជាជនទាំងឡាយ
ដោយយុត្តិធម៌។
9សូមព្រះអម្ចាស់ធ្វើជាបន្ទាយដ៏រឹងមាំការពារ
អស់អ្នកដែលត្រូវគេជិះជាន់
គឺជាបន្ទាយការពារនៅពេលមានអាសន្ន។
10 ព្រះអម្ចាស់អើយ
អស់អ្នកដែលស្គាល់ព្រះនាមព្រះអង្គ
នឹងទុកចិត្តលើព្រះអង្គជាមិនខាន
ដ្បិតព្រះអង្គមិនបោះបង់ចោល
អស់អ្នកដែលស្វែងរកព្រះអង្គឡើយ!។
11ចូរនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់
ដែលគង់នៅក្រុងស៊ីយ៉ូន
ចូរប្រកាសប្រាប់ប្រជាជនទាំងឡាយ
អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ!
12ដ្បិតព្រះអង្គដាក់ទោសអ្នកដែលសម្លាប់គេ
ព្រះអង្គចងចាំជានិច្ច
ព្រះអង្គមិនភ្លេចសម្រែករបស់ជនរងគ្រោះឡើយ។
13ឱព្រះអម្ចាស់អើយ
សូមអាណិតអាសូរទូលបង្គំផង
សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក
ព្រោះតែពួកខ្មាំងសត្រូវ
មានតែព្រះអង្គទេ
ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់
14ដើម្បីឲ្យទូលបង្គំថ្លែងគ្រប់ពាក្យ
សរសើរតម្កើងព្រះអង្គនៅមាត់ទ្វារក្រុងស៊ីយ៉ូន
និងឲ្យទូលបង្គំត្រេកអរសប្បាយបំផុត
ព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ។
15ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ
ដែលគេបានជីក
ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន
បង្កប់ទុកនោះដែរ។
16 ព្រះអម្ចាស់បានសម្តែងឲ្យគេស្គាល់ព្រះអង្គ
ព្រះអង្គកាត់ទោសគេ
មនុស្សអាក្រក់បានជាប់អន្ទាក់
ដែលជាស្នាដៃរបស់ខ្លួន។
ប្រគំភ្លេង សម្រាក
17សូមឲ្យមនុស្សអាក្រក់
គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់
វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
18រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ
ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា
ក៏មិនដែលសាបសូន្យដែរ។
19 ព្រះអម្ចាស់អើយ សូមតើនឡើង!
សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ!
សូមវិនិច្ឆ័យទោសប្រជាជាតិនានា
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
20ឱព្រះអម្ចាស់អើយ
សូមធ្វើឲ្យពួកគេភ័យតក់ស្លុត!
សូមធ្វើឲ្យប្រជាជនទាំងឡាយដឹងថា
ពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ!។
- សម្រាក
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.