ទំនុកតម្កើង 9

9
ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ជន​ទុគ៌ត និង​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ តាម​លំនាំ​បទ​កូន​ប្រុស​ស្លាប់។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ទូលបង្គំ​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ទូលបង្គំ​នឹង​និទាន​ពី​គ្រប់​ការ​អស្ចារ្យ
ដែល​ព្រះអង្គ​បាន​ធ្វើ
2ទូលបង្គំ​នឹង​រីក‌រាយ​ដោយ‌សារ​ព្រះអង្គ
ទូលបង្គំ​នឹង​ត្រេក​អរ​យ៉ាង​ខ្លាំង
បពិត្រ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ទូលបង្គំ​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ!។
3ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ
ហើយ​ជំពប់​ជើង​ដួល​វិនាស
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ
4ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ
គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត
ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក
ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។
5ព្រះអង្គ​គំរាម​កំហែង​ជាតិ​សាសន៍​នានា
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​ពាល​វិនាស​សូន្យ
ព្រះអង្គ​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ជានិច្ច
រហូត​ត​ទៅ។
6ខ្មាំង​សត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច!
រីឯ​ក្រុង​នានា​របស់​គេ
ព្រះអង្គ​បាន​រំលាយ​អស់​ហើយ
គ្មាន​នរណា​នឹក​ឃើញ​ទៀត​ទេ។
7 ព្រះ‌អម្ចាស់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ
ព្រះអង្គ​ឡើង​គង់​នៅ​លើ​បល្ល័ង្ក
ដើម្បី​វិនិច្ឆ័យ​ទោស។
8ព្រះអង្គ​គ្រប់‌គ្រង​លើ​ផែនដី​ដោយ​សេចក្ដី​សុចរិត
ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌ជន​ទាំង‌ឡាយ
ដោយ​យុត្តិធម៌។
9សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​បន្ទាយ​ដ៏​រឹង‌មាំ​ការពារ
អស់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់
គឺ​ជា​បន្ទាយ​ការពារ​នៅ​ពេល​មាន​អាសន្ន។
10 ព្រះ‌អម្ចាស់​អើយ
អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះអង្គ
នឹង​ទុក​ចិត្ត​លើ​ព្រះអង្គ​ជា​មិន​ខាន
ដ្បិត​ព្រះអង្គ​មិន​បោះ​បង់​ចោល
អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​ឡើយ!។
11ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់
ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន
ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ
អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!
12ដ្បិត​ព្រះអង្គ​ដាក់​ទោស​អ្នក​ដែល​សម្លាប់​គេ
ព្រះអង្គ​ចង​ចាំ​ជានិច្ច
ព្រះអង្គ​មិន​ភ្លេច​សម្រែក​របស់​ជន​រង​គ្រោះ​ឡើយ។
13ឱ​ព្រះ‌អម្ចាស់​អើយ
សូម​អាណិត​អាសូរ​ទូលបង្គំ​ផង
សូម​ទត​មើល​ទូលបង្គំ​ដែល​រង​ទុក្ខ​លំបាក
ព្រោះ​តែ​ពួក​ខ្មាំង​សត្រូវ
មាន​តែ​ព្រះអង្គ​ទេ
ដែល​អាច​នាំ​ទូលបង្គំឲ្យ​រួច​ពី​សេចក្ដី​ស្លាប់
14ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ
សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន
និង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត
ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។
15ប្រជា‌ជាតិ​នានា​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
ដែល​គេ​បាន​ជីក
ជើង​របស់​គេ​ក៏​ជាប់​អន្ទាក់​ដែល​គេ​បាន
បង្កប់​ទុក​នោះ​ដែរ។
16 ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះអង្គ
ព្រះអង្គ​កាត់​ទោស​គេ
មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់
ដែល​ជា​ស្នា‌ដៃ​របស់​ខ្លួន។
ប្រគំ​ភ្លេង សម្រាក
17សូម​ឲ្យ​មនុស្ស​អាក្រក់
គឺ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់
វិល​ទៅ​រក​ស្ថាន​មនុស្ស​ស្លាប់​វិញ​ទៅ។
18រីឯ​មនុស្ស​ក្រីក្រ ព្រះអង្គ​មិន​ភ្លេច​គេ​សោះ​ឡើយ
ហើយ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​វេទនា
ក៏​មិន​ដែល​សាប‌សូន្យ​ដែរ។
19 ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង!
សូម​កុំ​ឲ្យ​មនុស្ស​លោក​មាន​ជ័យ‌ជម្នះ​ឡើយ!
សូម​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។
20ឱ​ព្រះ‌អម្ចាស់​អើយ
សូម​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត!
សូម​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ​ដឹង​ថា
ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ!។
- សម្រាក

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 9: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ