ទំនុកតម្កើង 89

89
ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
កំណាព្យ​របស់​លោក​អេថាន ជា​អ្នក​ស្រុក​អេស‌រ៉ាគីត។
1ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ
មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់
រហូត​ត​ទៅ។
ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ
របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
2ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។
3ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
«យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក
ដែល​យើង​បាន​ជ្រើស​រើស
យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ
ជា​អ្នក​បម្រើ​របស់​យើង​ថា:
4 យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នក
ឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅ
យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! »។
5 ព្រះ‌អម្ចាស់​អើយ
សូម​ឲ្យ​ផ្ទៃ​មេឃ​សរសើរ​តម្កើង
ស្នា‌ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏វិសុទ្ធ​ច្រៀង
សរសើរ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។
6នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ
នឹង​ព្រះអង្គ​បាន​ឡើយ
ក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណា
អាច​ប្រៀប​ប្រដូច​នឹង​ព្រះអង្គ​បាន​ដែរ។
7អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏វិសុទ្ធ
នាំ​គ្នា​ស្ញែង​ខ្លាច​ព្រះអង្គ
ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះអង្គ
ក៏​កោត​ស្ញប់‌ស្ញែង​ព្រះអង្គ​ដែរ។
8ឱ​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព
ទាំង​មូល​អើយ
គ្មាន​នរណា​មាន​ឫទ្ធា‌នុភាព​ដូច​ព្រះអង្គ​ឡើយ!
ព្រះអង្គ​ប្រកប​ទៅ​ដោយ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ។
9ព្រះអង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ
នៅ​ពេល​រលក​សមុទ្រ​កក្រើក​ឡើង
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅ​វិញ។
10ព្រះអង្គ​បាន​ជាន់ និង​សម្លាប់​នាគ​រាជ
ព្រះអង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ
ដោយ‌សារ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។
11មេឃ និង​ផែនដី​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​បង្កើត​ពិភព​លោក និង​អ្វីៗ​ទាំង​អស់
ដែល​ស្ថិត​នៅ​ក្នុង​ពិភព​លោក​នេះ។
12ព្រះអង្គ​បាន​បង្កើត​ទិស​ខាង​ជើង
និង​ទិស​ខាង​ត្បូង
ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរ‌ម៉ូន
សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ។
13ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា
ព្រះអង្គ​មាន​ឫទ្ធា‌នុភាព
និង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
14ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌
អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ
សុទ្ធ​តែ​បង្ហាញ​អំពី​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។
15 ព្រះ‌អម្ចាស់​អើយ
ប្រជា‌ជន​ណា​លើក​តម្កើង​ព្រះអង្គ
ព្រម​ទាំង​រស់​នៅ​ក្រោម​ពន្លឺ
ដ៏​សប្បុរស​របស់​ព្រះអង្គ
ប្រជា‌ជន​នោះ​មាន​សុភមង្គល​ហើយ!
16រៀង​រាល់​ថ្ងៃ គេ​នឹង​បាន​សប្បាយ​រីក‌រាយ
ដោយ‌សារ​ព្រះ‌នាម​ព្រះអង្គ
ហើយ​គេ​នឹង​បាន​ខ្ពស់​មុខ
ដោយ‌សារ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
17ដ្បិត​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​មាន​សិរី​ជោគ‌ជ័យ។
យើង​ខ្ញុំ​បាន​ថ្កុំ‌ថ្កើង
ដោយ‌សារ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ។
18 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
បាន​ជ្រើស​រើស​ព្រះ‌រាជា
ឲ្យ​ធ្វើ​ជា​ខែល​ការពារ​យើង​ខ្ញុំ ។
19នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល
មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ
តាម​ការ​និមិត្ត​ឃើញ​មួយ​ថា:
«យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន
យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប
ក្នុង​ចំណោម​ប្រជា‌ជន
20 គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង
យើង​បាន​ចាក់​ប្រេង​អភិសេក​គេ
ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង
21កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គេ
ឫទ្ធិ‌បារមី​របស់​យើង​នឹង​ធ្វើ​ឲ្យ
គេ​បាន​ខ្លាំង​ពូកែ។
22ខ្មាំង​សត្រូវ​ពុំ​អាច​មាន​ប្រៀប​លើ​គេ
មនុស្ស​ទុច្ចរិត​ពុំ​អាច​បំបាក់​មុខ​គេ​បាន​ឡើយ។
23យើង​នឹង​កម្ទេច​បច្ចា‌មិត្ត​នៅ​មុខ​គេ
យើង​នឹង​ប្រហារ​អស់​អ្នក​ដែល​ស្អប់​គេ។
24យើង​នឹង​សម្តែង​ចិត្ត​ស្មោះ​ត្រង់
និង​ចិត្ត​មេត្តា​ករុណា​ចំពោះ​គេ​ជានិច្ច
គេ​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង
ដោយ‌សារ​នាម​របស់​យើង។
25យើង​នឹង​ឲ្យ​គេ​មាន​អំណាច​គ្រប់‌គ្រង
លើ​សមុទ្រ និង​លើ​ទន្លេ​នានា។
26ពេល​នោះ ដាវីឌ​នឹង​ហៅ​យើង​ថា
“ព្រះអង្គ​ជា​ព្រះ‌បិតា និង​ជា​ព្រះ​នៃ​ទូលបង្គំ
ព្រះអង្គ​ជួយ​ការពារ និង​សង្គ្រោះ​ទូលបង្គំ!”។
27 រីឯ​យើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​ដាវីឌ
បាន​ទៅ​ជា​បុត្រ​ច្បង​របស់​យើង
ជា​ស្ដេច​ដ៏​ធំ​ជាង​គេ​ទាំង​អស់​នៅ​លើ​ផែនដី។
28យើង​នឹង​សម្តែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គេ​ជានិច្ច
ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង
ជា​មួយ​គេ​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ ។
29យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​គេ
នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
ហើយ​រាជ្យ​របស់​គេ​នឹង​គង់‌វង្ស
នៅ​ជា​យូរ​អង្វែង​ដូច​ផ្ទៃ​មេឃ​ដែរ។
30ប្រសិន​បើ​កូន​ចៅ​របស់​ដាវីឌ
បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​យើង
ហើយ​លែង​ដើរ​តាម​វិន័យ​របស់​យើង
31ប្រសិន​បើ​ពួក​គេ​បំពាន​លើ​បញ្ញត្តិ​របស់​យើង
ហើយ​លែង​ប្រតិបត្តិ​តាម​បទ‌បញ្ជា
របស់​យើង​ទៀត​នោះ
32យើង​នឹង​វាយ​ប្រដៅ​ពួក​គេ ព្រោះ​តែ​ការ​បះ‌បោរ
យើង​នឹង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ
ព្រោះ​តែ​កំហុស​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
33ក៏​ប៉ុន្តែ យើង​នៅ​តែ​សម្តែង​ចិត្ត​មេត្តា‌ករុណា
ចំពោះ​ដាវីឌ​ជានិច្ច
យើង​នឹង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​គេ
ឥត​ងាក​រេ​ឡើយ។
34យើង​នឹង​មិន​ផ្ដាច់​សម្ពន្ធ‌មេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ​ទេ
គឺ​អ្វី​ដែល​យើង​និយាយ​ចេញ​មក​ហើយ
យើង​នឹង​មិន​ប្រែ​ក្រឡាស់​វិញ​ឡើយ។
35យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក​ក្នុង​នាម​ដ៏វិសុទ្ធ
របស់​យើង យើង​មិន​កុហក​ដាវីឌ​ទេ!
36ពូជ‌ពង្ស​របស់​គេ​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ
រាជ្យ​របស់​គេ​នឹង​គង់‌វង្ស​នៅ​ចំពោះ​មុខ​យើង
ដូច​ព្រះ‌អាទិត្យ
37ហើយ​ដូច​ព្រះ‌ច័ន្ទ​ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត
ធ្វើ​ជា​សាក្សី​ស្រាប់»។
- សម្រាក
38ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល
ព្រះអង្គ​បាន​កាត់‌កាល់
ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ព្រះ‌រាជា
ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក។
39ព្រះអង្គ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី
ជា​មួយ​អ្នក​បម្រើ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​ទម្លាក់​មកុដ‌រាជ្យ
របស់​ព្រះ‌រាជា​ទៅ​ដី។
40ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កំពែង​ទាំង​ប៉ុន្មាន
របស់​ព្រះ‌រាជា​ត្រូវ​ធ្លុះ‌ធ្លាយ
និង​ធ្វើ​ឲ្យ​បន្ទាយ​ដ៏​រឹង‌មាំ​ត្រូវ​រលំ​បាក់​បែក។
41ពួក​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
នាំ​គ្នា​ប្លន់​យក​អ្វីៗ​ដែល​ស្ដេច​មាន
ហើយ​ប្រទេស​ជិត​ខាង​នាំ​គ្នា​សើច​ចំអក​ឲ្យ​ស្ដេច។
42ព្រះអង្គ​បាន​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​របស់​ស្ដេច​មាន​កម្លាំង
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន
របស់​ស្ដេច​មាន​អំណរ​សប្បាយ។
43ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រឿង​សស្ត្រា‌វុធ
របស់​ស្ដេច​លែង​មាន​ប្រសិទ្ធ‌ភាព
ព្រះអង្គ​ពុំ​បាន​គាំ‌ទ្រ​ស្ដេច​ក្នុង​ចម្បាំង​ឡើយ។
44ព្រះអង្គ​ដក​អំណាច​ចេញ​ពី​ស្ដេច
ព្រះអង្គ​បាន​រំលំ​រាជ​បល្ល័ង្ក​របស់​ស្ដេច
45ព្រះអង្គ​ពុំ​បាន​ធ្វើ​ឲ្យ​ស្ដេច
មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ​ទេ
ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ស្ដេច
ត្រូវ​អាម៉ាស់​យ៉ាង​ខ្លាំង។
- សម្រាក
46 ព្រះ‌អម្ចាស់​អើយ
តើ​ព្រះអង្គ​ធ្វើ​ព្រងើយ​កន្តើយ​ដល់​កាល​ណា​ទៀត
តើ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ
នៅ​តែ​ឆាប‌ឆេះ​ដល់​ពេល​ណា​ទៀត?
47សូម​ព្រះអង្គ​កុំ​ភ្លេច​ថា
អាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់!
ព្រះអង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក
ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!
48ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត
ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ
ហើយ​ក៏​ពុំ​ដែល​មាន​នរណា
អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន
គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ!
- សម្រាក
49 ព្រះ‌អម្ចាស់​អើយ
តើ​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះអង្គ​ធ្លាប់​សម្តែង
ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា
កាល​ពី​គ្រា​មុន​នោះ នៅ​ឯ​ណា?
តើ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​យ៉ាង
ស្មោះ‌ស្ម័គ្រ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​នៅ​ឯ​ណា?
50ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ
របស់​ព្រះអង្គ​ដែល​កំពុង​តែ​បាក់​មុខ
សូម​ព្រះអង្គ​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ
ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ទូលបង្គំ។
51 ព្រះ‌អម្ចាស់​អើយ
ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​បំបាក់​មុខ​ស្ដេច
ដែល​ព្រះអង្គ​ចាក់​ប្រេង​អភិសេក
គឺ​ទោះ​បី​ទូលបង្គំ​ទៅ​ទី​ណា​ក៏​ដោយ
ក៏​ពួក​គេ​នាំ​គ្នា​បំបាក់​មុខ​ទូលបង្គំ​ជានិច្ច។
52សូម​លើក​តម្កើង​ព្រះ‌អម្ចាស់​រហូត​ត​ទៅ!
អាម៉ែន! អាម៉ែន!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 89: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល