ទំនុកតម្កើង 84
84
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់កូនចៅលោកកូរេ។
1ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ
ទូលបង្គំស្រឡាញ់ព្រះដំណាក់
របស់ព្រះអង្គណាស់!
2ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូល
ទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃ
ទូលបង្គំបន្លឺសំឡេងតម្កើង
ព្រះដ៏មានព្រះជន្មគង់នៅ
អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
3ឱព្រះអម្ចាស់នៃពិភពទាំងមូល
ឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!
សូម្បីតែសត្វចាប និងសត្វត្រចៀកកាំ
ក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវា
នៅជិតអាសនៈរបស់ព្រះអង្គដែរ។
4មានសុភមង្គលហើយ
អស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
គេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។
- សម្រាក
5អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់
របស់ព្រះអង្គដោយចិត្តស្មោះសរ។
6នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត
ព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក
ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក
ជាព្រះពរលើកន្លែងនោះដែរ។
7ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ច
នៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់
នៅលើភ្នំស៊ីយ៉ូន។
8ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ!
ឱព្រះនៃលោកយ៉ាកុបអើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។
- សម្រាក
9ឱព្រះជាម្ចាស់អើយ
ព្រះអង្គជាខែលការពារយើងខ្ញុំ
សូមទ្រង់ព្រះសន្ដោសទតមកព្រះរាជា
ដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
10មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គ
ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត
ហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅ
មាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំ
ជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
11ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃ
និងជាខែលការពារយើង
ព្រះអម្ចាស់ប្រណីសន្ដោស
និងប្រទានឲ្យយើងបានរុងរឿង
ព្រះអង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នក
ដែលរស់នៅ ដោយគ្មានសៅហ្មង។
12ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
អ្នកណាទុកចិត្តលើព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 84: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.